(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបើកការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019) ដែលមានក្រុមប្រកួត U-13 ចំនួន១៩ និងU-16 ចំនួន១៧ក្រុម មកពីសាលា ប៊ែលធី ទាំង១៩សាខា ព្រមទាំងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.៦២៩នាក់។
ពិធីនេះ បានធ្វើឡើង នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី ព្រមទាំងមានថ្នាក់ដឹកនាំសាលានេះមួយចំនួនចូលរួមផងដែរ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019) នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡា គ្រប់ប្រភេទរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
លោកបានបន្តថា សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា៤ប្រភេទ រួមមាន៖
១៖ អប់រំកាយ សម្រាប់សិស្សថ្នាក់ទី១-៦
២៖ កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧ និងទី៨
៣៖ កីឡា Futsal (U-13) សម្រាប់សិស្សថ្នាក់ទី៧ និងទី៨
៤៖ កីឡា Futsal (U-16) សម្រាប់សិស្សថ្នាក់ទី១០ និងទី១១
ក្រុមកីឡាករ ដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ ចែកចេញជា ២ក្រុម គឺក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖
+ ក្រុមជើងឯក (The Winner)
* ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ
* មេដាយមាស
* ថវិកាចំនួន៣លានរៀល
+ ក្រុមជើងឯករង (Runner-up)
* មេដាយប្រាក់
* ថវិកាចំនួន២លានរៀល
+ ក្រុមលេខ ៣
* មេដាយសំរិទ្ធ
* ថវិកាចំនួន១លានរៀល
+ ក្រុមគំរូ (Fair Play Team)
* ថវិកាចំនួន ៥សែនរៀល
ចំណែកឯក្រុមកីឡាករ ទាំង២៨ក្រុម ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ក្នុង១ក្រុម ២សែនរៀលផងដែរ ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡា ដែលអាចឲ្យសិស្ស ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីចៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់ នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ក្រុមកីឡាករទាំង ៣៦ក្រុម ឲ្យប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ លោកបណ្ឌិត ក៏បានជូនពរដល់ក្មួយៗកីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩នាពេលនេះផងដែរ ។
បន្ទាប់មក លោកបណ្ឌិតប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់ U-13 និងU-16 ។
សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ ចូលរៀនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា១វគ្គ ផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម១ឈុត ផងដែរ ៕