(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូពីកម្មការិនីរោងចក្រ២នាក់ ខណៈដែលនាងជិះធ្វើដំណើរត្រឡប់ទៅផ្ទះ តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកផ្អើល ប្រជាពលរដ្ឋចេញមកអន្តរាគមន៍ចាប់បានម្នាក់ ប្រលះទួកសាច់ និងបក្ខពួកម្នាក់ទៀតរត់រួច។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជនសង្ស័យម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់រត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ន រដ្ឋ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិសេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជិះម៉ូតូ Honda C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FA-7402។
បើតាមសម្តីនារីរងគ្រោះ មុនកើតហេតុនាង និងមិត្តភ័ក្រជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួលជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយដណ្តើម យកម៉ូតូទើបតដៃវិញ ប្រតាយប្រតប់ស្រែលឆោឡោវាយដេកម្នាក់ រត់គេចខ្លួនបាត់ម្នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដទៅតាមនីតិវិធី៕