(កណ្តាល)៖ សមិទ្ធផលជាច្រើននៅក្នុងស្រុកកោះធំមានដូចជាផ្លូវ សាលារៀនជាដើមត្រូវបានលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា រួមនឹងក្រុមការងាររបស់លោកសាងសង់ជាបន្តបន្ទាប់តាមការសន្យារបស់ខ្លួនក្រោយពេលទទួលជោគជ័យនៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ អាងហែលទឹកតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ ដែលជាសមិទ្ធិផលថ្មីសន្លាងមួយទៀត ក៏ត្រូវបានចាប់ផ្តើមសាងសង់ផងដែរ ដើម្បីបម្រើជាប្រយោជន៍ដល់សិស្សានុសិស្សជាកូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
អាងហែលទឹកនេះ មានទទឹង ២០ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
នៅចំពោះមុខប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងស្រុកកោះធំដែលចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អាងទឹកនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អាងហែលទឹកនេះគ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឧកញ៉ា ប៉ាង ណាំ ប្រធានក្រុមហ៊ុនកាំត្រង់ស៊ីប ដែលបានជួយឧបត្ថម្ភគាំទ្រផ្នែកថវិកាឱ្យការសាងសង់អាងហែលទឹកនេះចេញជារូបរាងឡើងនៅពេលនេះ។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីគម្រោងនាំអ្នកកោះធំជិះរថភ្លើងទៅលេងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញពីសមិទ្ធិផល និងការខិតខំរបស់រាជរដ្ឋាភិបាលលើវិស័យគមនាគមន៍ដោយសាងសង់ផ្លូវ និងស្ពានជាច្រើនបម្រើជាប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីគម្រោងស្តារផ្លូវជាតិលេខ០២ពីរគន្លង ទៅបួនគន្លង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ គម្រោងសិក្សាផ្លូវពីស្ពានកោះធំទៅឃុំលើកដែកតភ្ជាប់ទៅអ្នកលឿង ដើម្បីកាត់បន្ថយរយៈពេលធ្វើដំណើរ គម្រោងបើកការដ្ឋានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុនៅ ក្នុងខែមីនា ឆ្នាំ២០១៩ គម្រោងសាងសង់ផ្លូវពីបាត់ដំបង(ស្រុកសំឡូត) ទៅខេត្តកោះកុងដើម្បីដឹកជញ្ជូនកសិផល និងគម្រោងបើកការដ្ឋានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុដើម្បីអាចឱ្យនាវាខ្នាតធំអាចចូលចតបាន៕