(កំពង់ចាម)៖ ស្ដ្រីម្នាក់បីកូនខ្ចី បម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីហ្សូណា នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងជួយអន្ដរាគមន៍ទាន់ពេលវេលា។
លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលក្រុងកំពង់ចាម ចេញល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញស្ត្រីម្នាក់បីកូនខ្ចីដើរសំដៅទៅលើស្ពានគីហ្សូណា ដោយមានការសង្ស័យ កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួន។
បើតាមលោកអធិការក្រុងកំពង់ចាម ស្ដ្រីខាងលើឈ្មោះ វី ស្រស់ អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មកលោតទឹក សម្លាប់ខ្លួនជាមួយកូនពីលើស្ពានគីហ្សូណានេះ ដោយសារតែមានវិបត្តិគ្រួសារ។
ក្រោយដឹងមូលហេតុ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យសមត្ថកិច្ចក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែគំនិត ដើម្បីរស់នៅបន្តចិញ្ចឹមមើលថែកូនវិញ ហើយកម្លាំងនគរបាលក្រុង បានដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្តិភាព៕