(ភ្នំពេញ)៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ថ្មីៗនេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រព្រឹត្តបទល្មើសអំពើលួច (ឆក់ទ្រព្រសម្បត្តិ) ជនបរទេស៨លើក និងមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៣ ពាក់ព័ន្ធលើសំណុំរឿង ឆក់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៥៤ ផ្លូវR១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួច (ឆក់ទ្រព្រសម្បត្តិ) ចំនួន០៨ករណី ក្នុងនោះមានដីកាបង្គាប់ ឱ្យចាប់ខ្លួនចំនួន០៣រួមមាន៖
* ទី១៖ ពីបទ លួច (ឆក់ទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៧២កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២៧០ «ត» ដ.ច.ន ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦ ចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។
* ទី២៖ ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ២៥«ឌ» ដ.ច.ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
* ទី៣៖ ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ២៦«ឌ» ដ.ច.ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
* ទី៤៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤អឺ០ ផ្លូវលេខ១៤២ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២០៖៤០នាទី។ ជនរងគ្រោះឈ្មោះ KANG LIANAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, កាន់លិខិតឆ្លងដែនលេខ G៤៦៧៤៣១១៤ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ សម្ភារបាត់បង់រួមមាន៖ កាត ATM ចំនួន១០សន្លឹក, កាតក្រេឌីតចិនចំនួន០១សន្លឹក និងប្រាក់ដុល្លារ ចំនួន១,១០០ដុល្លារ។
* ទី៥៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងត្បូងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៣០នាទី។ ជនរងគ្រោះឈ្មោះ ZHU SHUMING ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩៨៤៣៩៩៩៧ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋានចិន ស្នាក់នៅផ្ទះជួល សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយ ពណ៌លឿងចាស់ ចំនួន០១, លិខិតឆ្លងដែនលេខ E៩៨៤៣៩៩៩៧, កាត ATM ចំនួន០១សន្លឹក, ទូរសព្ទ័ដៃម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ ចំនួន០១ ទឹកប្រាក់ដុល្លារចំនួន៥៥០ដុល្លារ។
* ទី៦៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១៥៤កែងផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០៖៤០នាទី។ ជនរងគ្រោះឈ្មោះ ZHENG XIJIANG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារញូវយ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន៖ លិខិតឆ្លងដែនមិនចាំលេខ ចំនួន០១, កាត ATM ចំនួន០១សន្លឹក និងអត្តសញ្ញាណបណ្ណជនជាតិចិន ចំនួន០១សន្លឹក។
* ទី៧៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤ កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១៖១៥នាទី។ ជនរងគ្រោះឈ្មោះ SEKINISHI MIKIKO ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិជប៉ុន, លិខិតឆ្លងដែនលេខ TK៣០៩៤៤៧៣ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ MOTO ផ្ទះលេខ១១ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន៖ GREEN CARD(បណ្ណមានសិទ្ធិជ្រកកោននៅប្រទេសតៃវ៉ាន់) ចំនួន០១, អត្តសញ្ញាណបណ្ណជនជាតិតៃវ៉ាន (របស់ប្តី) ចំនួន០១, កាតសណ្ឋាគារ០១សន្លឹក, កាត ATM ចំនួន០១សន្លឹក, អាយផេត០១គ្រឿង, ប្រាក់តៃវ៉ាន់ ចំនួន៥០០០, ប្រាក់ដុល្លារចំនួន១០០០ដុល្លារ។
និងទី៨៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារ ប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤ កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៤៥នាទី។ ជនរងគ្រោះមានឈ្មោះ NAMI MORITA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិជប៉ុន មុខរបរតន្ត្រីករ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន៖ ទូរសព្ទម៉ាកអាយហ្វូន 6s ពណ៌ស ចំនួន០១, ប្រាក់យ៉េន ចំនួន៣០០០យ៉េន, ប្រាក់ដុល្លារ ចំនួន១០ដុល្លារ, ក្រេឌីតកាត ចំនួន០១, ម៉ាស្ទ័រកាត ចំនួន០១, កាបូបដៃ ចំនួន០១, ឆាត់ចំនួន០១។
ជនសង្ស័យមានឈ្មោះ នួន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
មុខរបរលក់កាហ្វេ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕