(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ លោក Scott Ryan ប្រធានព្រឹទ្ធសភារបស់អូស្ដ្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសលោកអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅខេត្តសៀមរាប។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនោះឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះវត្តមាន និងការបំពេញទស្សនកិច្ចរបស់លោក Scott Ryan មកកម្ពុជាក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នៅខេត្តសៀមរាប និងស្វាគមន៍ចំពោះជំនួបនៅថ្ងៃនេះផងដែរ។
លោក Scott Ryan បានថ្លែងអំណរគុណដល់ប្រមុខកាទូតកម្ពុជា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបលោកនៅពេលនេះ និងបានកោតសរសើរ នូវការរៀបចំដ៏ល្អរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះវេទិកា APPF លើកទី២៧ នៅខេត្តសៀមរាប បានយ៉ាងល្អប្រណិត។
ប្រធានព្រឹទ្ធសភារូបនេះ ក៏បានអះអាងថា រដ្ឋាភិបាលអូស្ដ្រាលី នៅបន្ដសហប្រតិបត្តិការរឹងមាំ និងស៊ីជម្រៅ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសភារបស់កម្ពុជា និងលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំ ព្រមទាំងវិស័យទេសចរណ៍ជាដើម។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូស្ដ្រាលី ដែលបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយលោកចាត់ទុកថា អូស្ដ្រាលីជាមិត្តភ័ក្រដ៏គួរឲ្យទុកចិត្តនៅក្នុងតំបន់ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
បន្ថែមពីនេះ ប្រមុខកាទូតកម្ពុជា ក៏បានជម្រាបជូនអំពីការបោះឆ្នោតនាពេលកន្លងទៅនេះ គឺមានការធ្វើអធិប្បាយវិជ្ជមានខ្លះ អវិជ្ជមានខ្លះ អំពីលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ប៉ុន្ដែជាការពិតមួយដែលមិនអាចបដិសេធបាន គឺការបោះឆ្នោតនេះត្រូវបានប្រព្រឹត្តទៅដោយសន្ដិភាព គ្មានអំពើហិង្សា និងតម្លាភាព។ មានន័យថា ប្រជាជនកម្ពុជាមានសេរីភាពក្នុងការទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ៕