(ភ្នំពេញ)៖ ការអប់រំ គឺជាមូលដ្ឋានគ្រឹះ ដែលជួយកសាងសង្គមជាតិ ហើយដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា «ណាហ្គាវើលដ៍បេះដូងសប្បុរស» ដែលជាក្រុមការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការ ជាមួយអង្គការ Cambodia Outreach នៅក្នុងគម្រោង Children@Risk ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៣ ដើម្បីឧបត្ថម្ភសម្រាប់ការសិក្សាអប់រំ របស់កុមារដែលមកពីគ្រួសារក្រខ្សត់។
យោងទៅតាមរបាយការណ៍ ស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជា ដែលបានបោះផ្សាយក្នុងពេលថ្មីៗនេះ មានប្រជាជន១១,៨%ប៉ុណ្ណោះ នៃចំនួនប្រជាជនកម្ពុជា សរុបអាយុ២៥ឆ្នាំ និងលើសពីនេះ បានបញ្ចប់មធ្យមសិក្សា បឋមភូមិ។
លោក Wayne Hester នាយកប្រតិបត្តិអង្គការ Cambodia Outreach បានធ្វើការកត់សម្គាល់ថា មូលហេតុចម្បងមួយក្នុងចំណោម មូលហេតុជាច្រើន នៃការបោះបង់ការសិក្សាដ៏ខ្ពស់នេះ គឺបណ្តាលពីបញ្ហាហិរញ្ញវត្ថុ។ គាត់បានថ្លែងថា «ឪពុកម្តាយចង់ឲ្យកូនៗ របស់ពួកគេរកការងារធ្វើនៅខាងក្រៅ ឬធ្វើស្រែចម្ការ ដើម្បីរកប្រាក់ចំណូល មកទ្រទ្រង់ជីវភាពគ្រួសារ។ ស្ថានភាពនេះ នៅតែជាឧបសគ្គចម្បង ដែលរារាំងកុមារមិនឲ្យទទួលបាន ការសិក្សាអប់រំក្នុងប្រទេសកម្ពុជា»។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «ការសហការនេះ នឹងជួយកុមារក្រីក្រ ឲ្យទទួលបានការអប់រំដូចកុមារដទៃ។ យើងមានមោទនភាព ដែលបុគ្គលិករបស់យើង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន គាំទ្រដល់គំនិតផ្តួចផ្តើមនេះ បន្ថែមទៅលើការឧបត្ថម្ភរបស់ក្រុមហ៊ុន»។
លោកថា «ថវិកានេះ នឹងជួយធ្វើឲ្យកុមារក្រីក្រ ដែលគួរឲ្យអាណិតរបស់យើង បញ្ចប់ការសិក្សារបស់ពួកគេ ហើយយើងសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹង ដើម្បីរកការងារធ្វើ និងចាកឆ្ងាយពីភាពក្រីក្រ ហើយពួកគេ នឹងផ្តល់ផលប្រយោជន៍បន្ត ដល់ក្មេងៗជំនាន់ក្រោយថែមទៀតផង»។
ថវិកាដែលបានមកពីការឧបត្ថម្ភ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ នឹងត្រូវឧបត្ថម្ភដល់សិស្សានុសិស្ស ថ្នាក់ទី១០ ដល់ថ្នាក់ទី១២ សម្រាប់បង់ថ្លៃសិក្សា សម្ភារសិក្សា អាហារ ឯកសណ្ឋាន និងសម្ភារ ផ្សេងៗទៀត សម្រាប់រយៈពេល៣ឆ្នាំ។ វឌ្ឍនភាព នៃការសិក្សារបស់សិស្សកម្សត់ទាំងនេះ នឹងត្រូវតាមដានយ៉ាងទៀងទាត់។ សិស្សដែលមានសមត្ថភាព នឹងទទួលបានការបណ្តុះបណ្តាល និងក្លាយជាបុគ្គលិកហាត់ការ នៅក្រុមហ៊ុនណាហ្គាវើលដ៍។
ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែរៀបចំសកម្មភាពលើកកម្ពស់ ការអប់រំយ៉ាងទៀងទាត់ រួមមានការចែកសៀវភៅអាន និងសម្ភារសិក្សាដល់សិស្សបឋមសិក្សា ជាដើម។ មិនតែប៉ុណ្ណោះ បុគ្គលិកសុវត្ថិភាព អគ្គីភ័យរបស់ណាហ្គាវើលដ៍ តែងតែផ្តល់ការបណ្តុះបណ្តាល ស្តីអំពីវិធីបង្ការអគ្គីភ័យដល់សិស្ស និងប្រជាជន នៅតាមសហគមន៍ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គិភ័យ យ៉ាងទៀងទាត់ផងដែរ។
ចំណែកសកម្មភាព ចុះទៅតាមសហគមន៍ គឺណាហ្គាវើលដ៍ បានបង្កើតនូវកម្មវិធីប្រកួតប្រជែងសាលារៀនស្អាត នៅតាមអនុវិទ្យាល័យចំនួន៣០ ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្ស រក្សាសាលារៀនរបស់ពួកគេ ឲ្យមានអនាម័យស្អាត និងបរិស្ថានល្អ។ សាលារៀនដែលស្អាតជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ដើម្បីយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសាលារៀនរបស់ទាំងអស់គ្នា៕
ណាហ្គាវើលដ៍បេះដូងសប្បុរស ចែកសៀវភៅអាន និងសម្ភារសិក្សាដល់សិស្សនៅតាមបណ្តាខេត្ត
ណាហ្គាវើលដ៍ ឧបត្ថម្ភថវិកាសម្រាប់ការសិក្សារបស់កុមារ ដែលមានជីវភាពខ្វះខាត