(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុន ផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាព សប្បុរសធម៌ បានសហការជាមួយក្រុមយុវជនស្មគ្រ័ចិត្តជាង៥០នាក់ ដើរប្រមូលចាស់ ជរាក្រីក្រគ្មានផ្ទះសំបែង ប្រមាណ២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវមួយចំនួន ដើម្បីបំពេញនូវតម្រូវការ កំឡុងពេលរដូវធ្លាក់ខ្យល់ ឈានចូលមកដល់។
កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានរៀបចំនៅថ្ងៃសៅរ៍ទី១៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលផ្តល់កិត្តិយសដោយលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុន ទឹកពិសាវីតាល់ ប្អូនៗអ្នកស្ម័គ្រចិត្ត និងក្រុមការងារវីតាល់ជាច្រើនអ្នក។
បើតាមការសិក្សាស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថា លោកតាលោកយាយចាស់ជរា ដែលគ្មានផ្ទះសម្បែកជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ពួកគាត់បានចាកចេញពីស្រុកកំណើត មកប្រកបរបរតិចតូចដើម្បីចិញ្ចឹមជីវិត អ្នកខ្លះលក់អំបោស សំលៀងកាំបិត និងកាន់ជញ្ជីង ដើរថ្លឹងគីឡូ។ ល ។ ប្រាក់ចំណូលដែល ពួកគាត់រកបានគឺតិចតូចណាស់ដែលជាមធ្យម ក្រោម២ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យគាត់ មិនមានលទ្ធភាពជួលផ្ទះ និងបង្ខំចិត្តដើរសំរានតាមសំយ៉ាបផ្ទះអ្នកដទៃ។
ដោយសារតែមើលឃើញ ការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេលនឹងខែធ្លាក់ខ្យល់ នឹងឈានចូលមកដល់មូលនិធិវីតាល់បានពាំនាំ កម្មវិធី «វីតាល់ផ្តល់ភាព កក់ក្តៅលើកទី៣» ដែលនឹងពាំនាំ មកនូវអំណោយជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិកា ជូនពួកគាត់ ដែលរំពឹងថា អាចនឹងជួយសម្រួល ដល់ជីវភាពលោកតា លោកយាយមួយគ្រា កំឡុងពេលធ្លាក់ខ្យល់។
លោកស្រី ជឹង សុគន្ធាវី បានថ្លែងថា លោកស្រីពិតជាមានចិត្តរំភើបនិង រីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារវីតាល់ ឲ្យមានវត្តមាននៅទីនេះដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅទី៣» ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀងដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ជរាដែលមានជីវភាព ក្រលំបាកជាង២០០នាក់ ដែលកំពុងរស់តាមទីសាធារណៈនៅក្នុងទីក្រុងភ្នំពេញ។
លោកស្រីបានបន្តថា ការប្រារព្ធកម្មវិធីនេះឡើង គឺផ្អែកលើគោលបំណងធំៗ៤រួមមាន៖
*ទី១៖ មានបំណងពង្រឹង វប្បធម៌ចែករំលែក
*ទី២៖ បង្កើនផ្តល់ភាពកក់ក្តៅដល់ដូនចាស់ក្នុងពេលរដូវ រំហើយចូលមកដល់
*ទី៣៖ លើកទឹកចិត្តឲ្យមានការចូលរួម ពីសាធារណជន
*ទី៤៖ បំពេញបន្ថែម នូវកង្វះខាតស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីអគ្គនាយិកា បានថ្លែងអំណរគុណ ដល់ក្រុមយុវជនស្ម័គ្រចិត្តជាង៥០នាក់ ដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្ត នៅថ្ងៃនេះ ដែលការចូល រួមនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពរបស់យុវជនក្នុងសង្គមខ្មែរយើង។
លោកស្រីបានបញ្ជាក់ថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។
វីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីជូនផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែអតិថិជនវីតាល់ជាវទឹកមួយដប គឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕