(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្ដល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ជូនទៅគ្រួសារ ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ ដែលមកពី៣សង្កាត់ គឺសង្កាត់ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ស្ថិតនៅក្នុងបរិវេនវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យយ រាជធានីភ្នំពេញ។
លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ តែងតែមានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលជួបការលំបាកពោលគឺ «កន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានថ្លែងថា កាកបាទក្រហមកម្ពុជាតែងតែប្រារព្ធពិធី ៨-ឧសភា រៀងរាល់ឆ្នាំនិងនៅអាណត្តិទី៦នេះ អនុសាខាកាកបាទក្រហមខណ្ឌ នឹងបន្តបេសកកម្មការងារមនុស្សធម៌របស់សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ឲ្យខ្លាំងជាងមុន និងឲ្យមានតម្លាភាពស៊ីជំរៅទ្វេដងក្នុងការជួយប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានកាន់តែមានភាពរីកចំរើន ក្រោមការដឹកនាំរបស់សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកអភិបាលរងខណ្ឌ បានបន្តទៀតថា «យើងមានអ្វីៗសព្វថ្ងៃនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេស ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៏ មានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ»។
ជាមួយគ្នានោះ លោក ឌី រ័ត្នខេមរុណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជនជ័យទាំងអស់ ឱ្យបន្តជឿទុកចិត្តលើការដឹកនាំរបស់អាជ្ញាធរខណ្ឌ រាជរដ្ឋាភិបាល គណបក្សប្រជាជន និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់តែមានការអភិវឌ្ឍន៏ ពេញលេញ និងទទួលបាននូវសុខសន្តិភាពបន្តជានិរន្តរ៍។
គួរបញ្ជាក់ថា លោកប្រធានអនុសាខាបក្សបាននាំយកអំណោយមនុស្សធម៌អនុសាខាផ្តល់ជូនប្រជាពលរដ្ឋដោយរួមមាន៖ អង្ករ១បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹងសំភារៈផ្ទះបាយ មួយចំនួនរួមទាំងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕