(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនសកម្មជនដីធ្លី បានចំនួន២នាក់ ពាក់ព័ន្ធនឹងករណីនាំមនុស្សចូលទៅចាប់ទន្ទ្រានយកដីរបស់ក្រុមហ៊ុន ភាពពីម៉ិច ដែលមានលោកស្រីឧកញ់ា ជឹង សុភាព ហៅយាយភូ ជាប្រធានក្រុមហ៊ុន។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងកើតការដ្ឋានទី២១ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សកម្មជនដីធ្លីទាំង២នាក់នោះ រួមមានទី១៖ ឈ្មោះ ទាំ ព្រហ៊ីម ហៅព្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដង្គៀមក្តាម ឃុំឈើតុំ ស្រុកក្រគរ និងទី២៖ ឈ្មោះ អៀម វិន អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ។
របាយការណ៍បានបន្តថា ក្នុងចំណោមជនសង្ស័យទាំង២នាក់នោះឈ្មោះ ទាំ ព្រហ៊ីម គឺជាអ្នកបំផុសប្រជាពលរដ្ឋឲ្យទៅចាប់យកដីក្រុមហ៊ុន និងគំរាមកំហែងមេភូមិឲ្យធ្វើប្លង់ដីឱ្យពួកគេ។ ដោយឡែកឈ្មោះ អៀម វិន ខ្លួនបានអះអាងថា មានដីចំនួន៥ហិកតា ដែលទទួលបានពីឈ្មោះ ដន ម៉ាលីន អតីតបុគ្គលិកក្រុមហ៊ុន ជាអ្នកឲ្យកាលពីរយៈពេល១ឆ្នាំកន្លងមក ទើបរយៈពេល១ខែនេះ ខ្លួនបានទៅបោះតម្រុយ នៅលើដីនោះដែលមានស្រាប់ តែត្រូវបានអាជ្ញាធរមូលដ្ឋានដែលមានលោកមេប៉ុស្តិ៍ឈើតុំ ហៅទៅធ្វើកិច្ចសន្យា មិនឱ្យបោះតម្រុយទេពីព្រោះជាដីរបស់ក្រុមហ៊ុន។
នៅក្នុងរបាយការណ៍ បានបន្ថែមថា ពួកគេពិតជាបានទៅបោះតម្រុយដី ឈូសឆាយលើដីក្រុមហ៊ុន ដែលបានផ្អាកដាំដុះបណ្តោះអាសន្ន និងបានទៅគំរាមកំហែងមេភូមិជាច្រើនលើក ច្រើនសារ ឱ្យធ្វើប្លង់ដីឲ្យ ក៏ប៉ុន្តែលោកមេភូមិមិនអាចធ្វើបានទេ ព្រោះដីនោះជាដីស្ថិតនៅក្នុងប្លង់ក្រុមហ៊ុន (ដីរដ្ឋ)។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ទៅតាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩វេលាម៉ោង៨៖១៨នាទី៕