(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ហាក់បានចារទុកថា នយោបាយរបស់ លោក សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលរត់គេចទៅក្រៅប្រទេសនោះ គឺជានយោបាយដែលបំផ្លាញខ្មែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា៖ «តាំងពីចូលក្នុងឆាកនយោបាយនៅប្រទេសកម្ពុជា ទណ្ឌិតសម រង្ស៉ី បានប្រកាន់នយោបាយបំផ្លាញខ្មែរ»។
លោកបានពន្យល់ថា ជនណាដែលមិនគាំទ្រ លោក សម រង្ស៉ី នឹងត្រូវ លោក សម រង្ស៉ី វាយប្រហារថា ជាអាយ៉ងវៀតណាម ឬអាយ៉ងគណបក្សប្រជាជនកម្ពុជា។ ការប្រើវប្បធម៌លាបពណ៌របស់ ទណ្ឌិត សម រង្ស៉ី គឺជាការបំផ្លាញអ្នកដែលមិនចូលខាងខ្លួន មិនដើរតាមខ្លួន។ លោកបន្ថែមថា បើមានសតិអារម្មណ៍លាបពណ៌ និងចាត់ទុកអ្នកដទៃជាខ្មាំងសត្រូវយ៉ាងនេះ គឺជាការបំផ្លាញខ្មែរតែម្តង ធ្វើឱ្យមានការបែងចែក និងបណ្តាលឱ្យមានការបែកបាក់ក្នុងរង្វង់ខ្មែរនិងខ្មែរ ហើយករណីនេះ វាជាការឱ្យដៃទៅបរទេសខ្លាំង និងធ្វើឱ្យខ្មែរចុះខ្សោយ។
លោកបញ្ជាក់ថា «មិនចំពោះតែប្រជាជនទូទៅទេ គ្រាន់តែអ្នកជិតស្និទ្ធជាមួយ ទណ្ឌិតសម រង្ស៉ី តាំងពីដើមមក បើទណ្ឌិតសម រង្ស៉ីមិនពេញចិត្តក៏ត្រូវសម រង្ស៉ី ដាក់ឈ្មោះថា ជាអាយ៉ងយួន ឬជាអាយ៉ង CPP ដែរ។ បើមានសតិអារម្មណ៍អញ្ចឹង តើអ្នកណាចំណេញ និងអ្នកណាខាត? គ្មានអ្នកណាចំណេញទេ មានតែខាតទាំងអស់គ្នា ឯចំណេញគឺបរទេសទេ ដែលចំណេញ ចំណេញពីរឿងដែលខ្មែរបែកបាក់គ្នា ដោយសារនយោបាយបំផ្លាញខ្មែររបស់ទណ្ឌិតសម រង្ស៉ី ហ្នឹងឯង»។
សូមបញ្ជាក់ថា ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានប្រកាសថា លោកគឺជាមនុស្សតែម្នាក់គត់ ដែលបានជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជា គ្រាដែលអឺរ៉ុប បានសម្រេចយកពន្ធអង្ករចំនួន៤ប្រភេទ ដែលនាំចូលពីប្រទេសកម្ពុជា។
ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕