(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បានចុះហត្ថលេខាផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន១៨អដ្ឋិធាតុ ដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងជំហានទី១ ដំណាក់កាលទី១៨ រដូវប្រាំងឆ្នាំ២០១៨-២០១៩ ដែលមានសមាសភាពភាគីថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ។
ប្រតិបត្តិការស្វែងរកអដ្ឋិធាតុនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មការជីករុករកអដ្ឋិធាតុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២៥នាក់ និងភាគីថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ទ្រិញ ថាញ់តាម មេបញ្ជាការរង បញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក រួមជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុ (K72) ចំនួន២២នាក់។
គួរបញ្ជាក់ថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយក្រុមបច្ចេកទេស (K70+K72) រួមជាមួយអាជ្ញាធរដែនដីប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ធំ បានជីករុករកឃើញតាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលនេះមានចំនួន១,១០០អដ្ឋិធាតុរួចហើយ (ក្នុងនោះ សហការជីកយកបាននៅក្រៅខេត្តកំពង់ធំ បានចំនួន០៨អដ្ឋិធាតុ) ដែលបានធ្វើមាតុភូមិនិវត្តន៍។
លោកបានថ្លែងបញ្ជាក់ទៀតថា «យើងនឹងបន្តសហការជីករុករកបន្តអដ្ឋិធាតុ ដែលនៅសេសសល់ប្រមាណ៣៥ ទៅ៤០អដ្ឋិធាតុទៀត នៅជំហានទី២ ដំណាក់កាលទី១៨ រដូវប្រាំងឆ្នាំ២០១៨-២០១៩ នៅពេលខាងមុខទៀត»៕