(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ និងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីនគរការិយាល័យជំនាញ និងមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៦៨រូប។
ក្រោយពីបានអានដោយសង្ខេបៗ នូវសេចក្ដីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ និងប្រកាសរបស់ក្រសួងមហាផ្ទៃខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានថ្លែងថា នៅពេលខាងមុខនេះទាំងក្រសួង អគ្គស្នងការ និងស្នងការដ្ឋាន នៅមានការលើកទឹកចិត្តដោយផ្ដល់ជាប័ណ្ណសរសើរផងដែរ សម្រាប់កងកម្លាំង ដែលបានលះបង់ពេលវេលាដ៏មានតម្លៃបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ដូចជានៅក្នុងកម្មវិធីបុណ្យធំៗ អ៊ុទូក និងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅវិមានឈ្នះឈ្នះ ជាដើម។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សែម គន្ធា បានបញ្ជាក់ថា ក្នុងពិធីនេះបានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ, សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៦៨រូប៕