(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ នៃសាខាពន្ធដារខេត្តសៀមរាប នារសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាខាពន្ធដារខេត្តសៀមរាប ។
កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមរបស់លោក ហ៊ឹម ប៊ុនធឿន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក, លោក លឹម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន, លោក ចៅ ម៉ៅមុន្នី ប្រធានសាខា និងថ្នាក់ដឹកនាំសាខាពន្ធដារខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធ ។
របៀបវារៈ នៃកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យ និងពង្រឹងការងាររបស់សាខាពន្ធដារខេត្តសៀមរាប ជាពិសេសលើ ១៖ការចេញលិខិតរដ្ឋបាលដែលទាមទារឱ្យមានលេខបារកូដសម្គាល់ដែលចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានត្រឹមត្រូវ, ២៖ការធ្វើសវនកម្មពន្ធដារឱ្យបានត្រឹមត្រូវតាមនីតិវិធី និង ៣៖កាត់បន្ថយនិងលុបបំបាត់ការកកស្ទះឯកសារស្នើសុំនានា ជាពិសេសឯកសារស្នើសុំផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។
លោកប្រតិភូរាជរដ្ឋាភិបាល ដែលជាប្រធានអង្គប្រជុំក៏បានសំដែងការគាំទ្រ និងកោតសរសើរចំពោះលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់សាខាពន្ធដារខេត្តសៀមរាប ដែលប្រមូលចំណូលពន្ធដារបាន ១២៨% ធៀបនឹងផែនការចំណូលប្រចាំឆ្នាំ២០១៨ ដែលជាការចូលរួមចំណែកដល់សមិទ្ធិផលរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលសម្រេចការប្រមូលចំណូលពន្ធបាន ១១៤.២៧% ធៀបនឹងផែនការចំណូលប្រចាំឆ្នាំ២០១៨ ។
លោកក៏បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលសារពើពន្ធក្នុងការធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ពីមួយឆ្នាំទៅមួយឆ្នាំ អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការពង្រឹងអភិបាលកិច្ចល្អ។
នៅក្នុងឱកាសនោះផងដែរ ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបអង្គប្រជុំអំពីការដាក់ឱ្យអនុវត្តការស្នើសុំបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយសេចក្ដីណែនាំលេខ ០០១ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយន្តការដែលនឹងជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីពន្ធដារ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ ដែលស្នើសុំដោយអ្នកជាប់ពន្ធ ព្រមទាំងសម្រាប់ពង្រឹងតម្លាភាពនៃការបង្វិលសង និងការប្រើប្រាស់ឥណទានជូនអ្នកជាប់ពន្ធ ។ ហើយលោកបានធ្វើការណែនាំ និងលើកទឹកចិត្តដល់មន្ត្រីពន្ធដារឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
លោកក៏បានគូសបញ្ជាក់ផងដែរ អំពីគោលបំណង នៃកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារនេះ គឺសំដៅធានាការផ្ដល់សេវាជូនអ្នកជាប់ពន្ធឱ្យមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព ព្រមទាំងផ្ដល់ភាពងាយស្រួល និងភាពជឿទុកចិត្តក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងបានក្រើនរំលឹកដល់មន្ត្រីរាជការពន្ធដារ ត្រូវអនុវត្តអនុលោមតាមអភិក្រមការងារ ៥ យ៉ាង សម្រាប់អនុវត្តប្រចាំថ្ងៃ ដែលរួមមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកបានថ្លែងអំណរគុណ និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារខេត្តសៀមរាបទាំងអស់ ដែលមានវត្តមាននាថ្ងៃនេះ ឱ្យពង្រឹងការអនុវត្តការងារ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំនិងមន្ត្រី ក្នុងគោលដៅធានានូវតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាពក្នុងការប្រមូលចំណូលពន្ធ និងផ្ដល់សេវាជូនអ្នកជាប់ពន្ធក្នុងខេត្តសៀមរាប៕