Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូដអង្ករកម្ពុជា៤ប្រភេទ ត្រូវបានអឺរ៉ុបកំណត់ឲ្យបង់ពន្ធ ក្រៅពីនេះអាចនាំចេញបានដោយមិនគិតពន្ធ, កម្ពុជាខាតប្រហែល៥០លានដុល្លារ ពីការបង់ពន្ធអង្ករ (Video inside)

18-01-2019 19:59

(ភ្នំពេញ)៖ បើតាមមន្ដ្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កូដអង្ករកម្ពុជាដែលត្រូវបានសហភាពអឺរ៉ុប (EU) កំណត់ឲ្យបង់ពន្ធ មានចំនួនតែ៤ប្រភេទ រួមមាន៖ កូដ 10063027, 10063048, 10063067 ជាប្រភេទអង្ករស និងកូដ 10063098 ជាប្រភេទអង្ករក្រអូប។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក សុខ​ សុភ័ក្ដ្រ​ បានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​ ស្តី​ពីចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ពន្ធនាំចូល លើទំនិញអង្ករកម្ពុជា ដោយមានការចូលរួម ពីអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនរូប ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

លោកបញ្ជាក់ថា បើគិតតាមការគណនាចំនួនអង្ករដែលកម្ពុជា បាននាំចេញទៅអឺរ៉ុបកាលពីឆ្នាំ២០១៨ កម្ពុជាត្រូវខាតបង់ប្រាក់ពន្ធប្រហែល៥០លានដុល្លារ។ ប៉ុន្តែមិនមែនអង្ករកម្ពុជាជាប់ពន្ធទាំងអស់នោះទេ។

លោករដ្ឋលេខាធិការ «បើនិយាយពីផលប៉ះពាល់វាមាន បើគេដាក់ព័ន្ធយើងត្រូវបង់ពន្ធ ពន្ធហ្នឹងប្រហែលជា៥០លានដុល្លារក្នុងមួយឆ្នាំ បើគិតតាមតួលេខដែលយើងនាំចេញ ទៅអឺរ៉ុបជាង២៦០ពាន់តោន។ ប៉ុន្តែមិនមែនអង្ករកម្ពុជាជាប់ពន្ធទាំងអស់ទេ គឺជាប់មុខទំនិញ៤លេខកូដប៉ុណ្ណោះ»

លោកបានលើកឡើងថា ក្រៅពីលេខកូដទាំង៤នេះ អង្ករកម្ពុជាប្រភេទផ្សេងពីនេះ ដូចជាអង្ករសំរូបជាដើម អាចនាំចេញទៅដោយអនុគ្រោះពន្ធដដែល។ លោកក៏បង្ហាញនូវការបារម្ភផងដែរ ប្រសិនបើស្ថានភាព នៅតែបែបនេះអាចនឹងធ្វើឲ្យតម្លៃស្រូវរបស់កសិករធ្លាក់ចុះ ព្រោះតែអ្នកនាំចេញ ត្រូវតែទម្លាក់ថ្លៃទិញ ដើម្បីកាត់បន្ថយថ្លៃដើម។

សូមជម្រាបថា កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន៕