(ភ្នំពេញ)៖ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា កម្ពុជានៅតែមានក្ដីសង្ឃឹម ក្នុងការតវ៉ាជាមួយសហភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងការយកពន្ធនាំចេញអង្កររបស់កម្ពុជាពីអឺរ៉ុប រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក សុខ សុភ័ក្ដ្រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ពន្ធនាំចូល លើទំនិញអង្ករកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
សង្ឃឹមត្រង់ថា កម្ពុជានឹងប្រើប្រាស់លក្ខណៈពិសេសរបស់អង្ករកម្ពុជា ដែលប្រទេសនៅអឺរ៉ុបគ្មាន គឺគុណភាពអង្ករក្រអូប។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរថា តើក្រសួងមានសង្ឃឹមដែរឬទេ ក្នុងការតវ៉ាជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការយកពន្ធនាំចេញអង្កររបស់កម្ពុជានេះ បើកាលពីចុងឆ្នាំ២០១៨ ក្រសួង និងសហព័ន្ធស្រូវអង្ករបានតវ៉ាម្តងហើយនោះ? លោក សុខ សុភ័ក្ដ្រ បានឆ្លើយដោយភាពជឿជាក់ថា «យើងមើលឃើញនូវភាពចន្លោះប្រហោង នៃការដាក់ចេញក្តីសម្រេចនេះ...ពីមុនគាត់ (EU) ប្រាប់យើងថា ឲ្យយើងនាំចេញអង្ករក្រអូបទៅ អង្ករក្រអូបមិនមានដាំដុះនៅអឺរ៉ុបទេ អ្នកឯងនាំចេញអង្ករស ស្រដៀងគ្នានឹងអង្ករដែលអឺរ៉ុបមានដែរ ដូច្នេះយើងបានឃើញផ្លូវច្បាប់នេះ»។
ជាមួយនឹងការមើលឃើញភាពចន្លោះប្រហោងនេះ លោកសង្ឃឹមថា ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការ WTO ដំណើរការឡើងវិញ ដើម្បីកម្ពុជាអាចធ្វើការតវ៉ាបាន ជុំវិញបញ្ហាយកពន្ធនេះ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបបានចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១ តម្លៃពន្ធ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន៕