(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Secure Logistics Co., Ltd. និងក្រុមហ៊ុន Brinks Incorporated (Brink's) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ/លក់ភាគហ៊ុន ដែលបានប្រព្រឹត្ដទៅ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាង ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគហ៊ុនិក ក្រុមហ៊ុន WorldBridge Secure Logistics Co., Ltd. និងលោក Gary Freed ជាអ្នកតំណាងពេញសិទ្ធិ នៃក្រុមហ៊ុន Brinks Incorporated ដែលមានលោក Christian Leonard Berger ចូលរួមជាសាក្សី។
ក្រុមហ៊ុន WorldBridge Secure Logistics Co., Ltd. ដែលបាននឹងកំពុងបម្រើសេវាកម្មខាងវិស័យ «សុវត្ថិភាពដឹកជញ្ជូនភស្តុភារមូលបត្រ» ជាមួយនឹងក្រុមហ៊ុន Brinks Incorporated ក្នុងគោលបំណងបង្កើនសមត្ថភាពវិនិយោគធុរកិច្ចរបស់ខ្លួនបច្ចុប្បន្ន ឱ្យកាន់តែប្រកបដោយប្រសិទ្ធិភាព ស្ថិរភាព ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជនជាតិ និងអន្តរជាតិនៅទូទាំងកម្ពុជា។
WorldBridge Secure Logistics (ហៅកាត់ថា WSL) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយក្រុមហ៊ុន Worldtridge Group គឺជាក្រុមហ៊ុនមួយ ដែលបានត្រួសត្រាយផ្លូវឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនលោហៈធាតុមានតម្លៃដូចជា មាស ត្បូង ពេជ្រ និងគ្រឿងអលង្ការ រូបិយវត្ថុ ឧបករណ៍អេឡិចត្រូនិច និងទំនិញដ៏មានតម្លៃផ្សេងៗទៀត ដែលផ្តល់ការបម្រើសេវាពេញ៧ថ្ងៃក្នុងមួយសប្តាហ៍ និងពេញមួយឆ្នាំ ក្នុងគោលបំណងធានានូវការដឹកជញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។
Brinks Incorporated (Brink's) ក៏ជាក្រុមហ៊ុនភស្តុភារមួយ ដែលបានបម្រើសេវាកម្មរបស់ខ្លួន មានសុវត្ថិភាពបំផុតនៅទូទាំងពិភពលោក នឹងនាំមកនូវ បច្ចេកវិទ្យា និងបទពិសោធន៍ មានរយៈពេលចំនួន១៦០ឆ្នាំរបស់ខ្លួន ក្នុងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ចូលមកទៅកាន់ទីផ្សារកម្ពុជាតាមរយៈកិច្ចព្រមព្រៀងចាប់ពីពេលនេះតទៅ ។
ឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា «នេះជាកិត្តិយស ដែលក្រុមហ៊ុន WorldBridge Secure Logistics Co., Ltd. បានចាប់ជាដៃគូគ្នាជាមួយក្រុមហ៊ុន Brinks Incorporated ដែលក៏ជាក្រុមហ៊ុនមួយ ធ្លាប់មានបទពិសោធន៍ដ៏រឹងមាំ នៅក្នុងបណ្តាប្រទេសនានាជាច្រើន។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមទៀតថា ការទិញលក់ភាគហ៊ុន រវាងភាគហ៊ុនិកម្ពុជា ជាមួយភាគហ៊ុនិកបរទេស ដែលទើបចុះហត្ថលេខាហើយថ្មីៗនេះ នឹងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវមួយ ស្របពេលដែលកម្ពុជា កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីការចង់ចូលមកធ្វើវិនិយោគ និងរកក្រុមហ៊ុនជាដៃគូក្នុងស្រុក ដែលមានសក្តានុពលទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីបោះទុនចូលរួមរកទទួលទាន ក្នុងថេរវេលាយូរអង្វែង កត្តានេះ ក៏វាអាស្រ័យដោយកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិដ៏រឹងមាំផងដែរ។
លោកបន្ថែមថា កម្ពុជាត្រូវការវិនិយោគគិនច្រើនថែមទៀត លើវិស័យផ្សេងៗគ្នា ដើម្បីទ្រទ្រង់ដល់តម្រូវការទីផ្សារពលកម្មរបស់ប្រជាពលរដ្ឋកម្ពុជាផង និងទ្រទ្រង់ដល់តម្រូវការរបស់វិនិយោគគិននានាផង។ បច្ចុប្បន្នក្រុមហ៊ុន WorkdBridge Secure Logistics Co., Ltd. មានទីតាំងសាខារបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ (ទីស្នាក់ការធំ), សាខាក្រុមហ៊ុនក្រុងព្រះសីហនុ, សាខាក្រុមហ៊ុនខេត្តសៀមរាប, សាខាក្រុមហ៊ុនខេត្តបាត់ដំបង, សាខាក្រុមហ៊ុនខេត្តកំពង់ចាម, សាខាក្រុមហ៊ុនខេត្តកំពត៧, សាខាក្រុមហ៊ុនខេត្តកំពង់ធំ និង៨- សាខាក្រុមហ៊ុនខេត្តបន្ទាយមានជ័យ។ ក្នុងឆ្នាំ២០១៩នេះ នឹងមានបើកសាខាបន្ថែម នៅខេត្តរតនគិរី, ស្វាយរៀង, តាកែវ និងខេត្តកំពង់ស្ពឺ ។
លោក Gary Freedman ក៏បានថ្លែងផងដែរថា លោករីករាយសហការជាមួយក្រុមហ៊ុន WorkdBridge Scure Logistics ក្នុងការសម្រេចជ្រើសរើសយកជាដៃគូធុរកិច្ច ក្រុមហ៊ុន BRINK'S Global Services ជាដៃគូរប្រតិបត្តិធុរកិច្ចមួយ ដែលមានធនធាន និងមានសមត្ថភាពជាក់លាក់ ក្នុងការចូលមកអនុវត្តកិច្ចព្រមព្រៀងប្រកបអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុន នឹងរួមចំណែកផ្តល់វិភាគទានដ៏ល្អប្រសើរ នូវធនធានរបស់ខ្លួន ដែលមានក្នុងការចូលរួមចំណែកជួយអភិវឌ្ឍកម្ពុជា៕