(ភ្នំពេញ)៖ កិច្ចព្រមព្រៀងត្រីភាគី ដើម្បីអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ រវាង ក្រុមប្រឹក្សាមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Viettel (Cambodia)។ ពិធីនេះត្រូវបានរៀបចំឡើង នៅថ្ងៃសុក្រ ១៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការអនុវត្តគម្រោងនេះ មានគោលដៅចម្បង គឺបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់សិស្សមធ្យមសិក្សា ក៏ដូចជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ ក្នុងការចាប់យកជំនាញបច្ចេកវិទ្យា នៅថ្នាក់ឧត្តមសិក្សា។ បន្ថែមពីលើនេះ គម្រោងនេះមានបំណងផ្តល់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់បម្រើដល់គោលដៅអប់រំផ្សេងទៀត របស់ក្រសួងអប់រំ យុវជន និងកីឡាដែរ។ ការបំពាក់ឧបករណ៍សម្ភារៈ នៃគម្រោងនេះនឹងធ្វើនៅសាលាមធ្យមសិក្សាទុតិយភូមិចំនួន ២០ ដែលជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា ហើយការជ្រើសរើសនឹងរួចរាល់ ក្នុងឆ្នាំ២០១៩ នេះ។ រីឯថវិកាប្រើប្រាស់សម្រាប់អនុវត្តគម្រោងនេះ គឺជាថវិកាមូលនិធិ ស.អ. ដែលជាចំណែកវិភាគទានបង់ ដោយក្រុមហ៊ុន Viettel (Cambodia)។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានចំណាប់អារម្មណ៍ថា «ការបំពាក់បន្ទប់កុំព្យូទ័រ និងការបណ្តុះ-បណ្តាលមុខវិជ្ជា ICT គឺស្របតាមគោលដៅ គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងធានាឲ្យបានថា សិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតុយភូមិ មានចំណេះដឹងមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ បម្រើការងារ និងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា»។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា «ការអនុវត្តគម្រោងនេះ គឺជាការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍-ឧស្សាហកម្មជំនាន់ទី៤។ ធនធានមនុស្សជំនាញខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថល គឺជាសសរទ្រទ្រង់ ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថលនេះ។ នាពេលបច្ចុប្បន្ន ធនធានមនុស្ស ក៏ដូជាអ្នកជំនាញផ្នែកនេះ នៅមានកម្រិតនៅឡើយ ហេតុនេះហើយ បានជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធផ្សេងទៀត រួមជាមួយវិស័យឯកជន ដាក់ចេញនូវសកម្មភាពជាក់លាក់ សម្រាប់អន្តរាគមន៍លើបញ្ហាធនធានមនុស្សនេះ»។
ដោយឡែក លោក ង្វៀន ថាន់ញួង អគ្គនាយកក្រុមហ៊ុន Viettel (Cambodia) បានថ្លែងថា «ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Viettel (Cambodia) ពិតជារីករាយ ក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស និងជំរុញទៅលើការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ក្រុមហ៊ុន Viettel (Cambodia) ប្តេជ្ញាថានៅតែបន្តរក្សាតុល្យភាព ក្នុងការរួមចំណែករវាងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសង្គម»៕