(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ជ.គ) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានដាក់ចេញ នូវគោលការណ៍ណែនាំ ចំនួន៨ចំណុចសំខាន់ៗ ដើម្បីបន្តជំរុញការងារ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាឆ្នាំ២០១៩ ឲ្យសម្រេចបានល្អប្រសើរថែមទៀត។
ការដាក់ចេញនូវគោលការណ៍ណែនាំ ទាំង៨ចំណុចខាងលើនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
សម្តេច ស ខេង បានបញ្ជាក់ថា ដើម្បីបន្តជំរុញការងារ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាឆ្នាំ២០១៩ ឲ្យសម្រេចបានល្អប្រសើរថែមទៀត សូមស្នើដល់យន្តការដឹកនាំថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្ត ឲ្យបានសម្រេច តាមទិសដៅ ដែលបានដាក់ចេញ នៅក្នុងរបាយការណ៍ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយនិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្ត និងមានការទទួលខុសត្រូវខ្ពស់។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា ជាមួយនេះ សូមជំរុញបន្ថែម យកចិត្តទុកដាក់បញ្ហាសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
* ទី១៖ ត្រូវពង្រឹងយន្តការបញ្ជាដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅគ្រប់ថ្នាក់បន្ត កិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងជំរុញឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្តោតការយកចិត្តទុកដាក់ អនុវត្តវិធានការទាំង ៥ គឺការផ្សព្វផ្សាយអប់រំច្បាប់ ការអនុវត្តច្បាប់ វិស្វកម្មផ្លូវថ្នល់ ការសង្គ្រោះបន្ទាន់ និងការលើកទឹកចិត្ត ជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
* ទី២៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវប្រឹងប្រែងថែមទៀត ក្នុងការកែទម្រង់យន្តការដឹកនាំ និងការងារឲ្យមានប្រសិទ្ធភាព ឲ្យបានសមស្របតាមសភាពការណ៍ប្រែប្រួល នៃស្ថានភាព ចរាចរណ៍ផ្លូវគោក នាពេលបច្ចុប្បន្ន និងតទៅអនាគតពិសេស ចំពោះមូលដ្ឋានមានកំណើនគ្រោះថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅ ឆ្នាំ២០១៨ ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀត ដែលតួលេខគ្រោះថ្នាក់នៅតែកម្រិតខ្ពស់។
* ទី៣៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី ខេត្ត ត្រូវកំណត់គោលដៅ ជាអាទិភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺសំដៅលអ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះ រួមមានអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកកម្មករ អ្នកបើកបររថយន្តដឹកអ្នកដំណើរ ឬ ទំនិញ ដើម្បីដាក់ចេញវិធានការលំអិតចាំបាច់នានា ដែលមានប្រសិទ្ធភាពលើការគ្រប់គ្រង ការផ្សព្វផ្សាយអប់រំច្បាប់ និងការបន្តឹងអនុវត្តច្បាប់ ឲ្យបានសមស្រប ទៅនឹងមូលហេតុចរិតលក្ខណៈ នៃអំពើល្មើសពេលវេលាទីកន្លែងគ្រោះថ្នាក់ នៅ តាមមូលដ្ឋាននីមួយៗ។
* ទី៤៖ ស្នើស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញទូរស័ព្ទនានា បន្តរួមចំណែកផ្សព្វផ្សាយសារអប់រំ ចម្រៀង អប់រំ និង ការកំសាន្តនានាជារៀងរាល់ថ្ងៃ ដែលមានអត្ថន័យ លើកកម្ពស់ការយល់ដឹងអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល គ.ស.ច.គ បានចែកជូន។ ស្នើក្រសួង ស្ថាប័នរដ្ឋ ពិសេសក្រសួង ស្ថាប័ន ដែលបានចូលរួមក្នុង គ.ស.ច.គ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យមាននិរន្តភាព ប្រសិទ្ធភាពព្រមទាំង ត្រូវត្រួតពិនិត្យមន្ត្រីរាជការ កងកម្លាំង និស្សិតសិស្ស និយោជក និយោជិកក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌១០ចំណុច នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយត្រូវធ្វើរបាយការណ៍ប្រចាំខែ ស្ដីពី សកម្មភាពផ្សព្វផ្សាយអប់រំ និងការត្រួតពិនិត្យមកកាន់ គ.ស.ច.គ។
* ទី៥៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី ខេត្ត ត្រូវបង្កើនប្រតិបត្តិការ ត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យសកម្ម ម៉ឺងម៉ាត់ និង មាននិរន្តភាពតាមផែនការ សកម្មភាព ស្តីពីការបន្តជំរុញ រឹតបន្ដឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកែប្រែឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ឲ្យកាន់តែលើកកម្ពស់ស្មារតីគោរពប្រតិបត្តិច្បាប់ថែមទៀត សំដៅកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ជនរងគ្រោះ និងការខាតបង់ទ្រព្យសម្បត្តិ ឲ្យបានជាអតិបរមា រួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយត្រូវប្រមូលផ្តុំវិធានការ កម្លាំង និងមធ្យោបាយ ទប់ស្កាត់មូលហេតុចំបង ដែលនាំឲ្យមានគ្រោះថ្នាក់ដូចជា ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិន គោរពសិទ្ធិអាទិភាព ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ -ល-។
* ទី៦៖ ត្រូវជំរុញថែមទៀត នូវការធ្វើវិស្វកម្មផ្លូវថ្នល់ ឲ្យបានសមស្របទៅនឹងកំណើនយានយន្ត និងធានានិយាមសុវត្ថិភាព។ ជាមួយនេះ ត្រូវជំរុញឲ្យបានជោគជ័យ នូវការដឹកជញ្ជូនអ្នកដំណើរ ដោយមធ្យោបាយសាធារណៈ (រថយន្តក្រុង) និងជំរុញលើកទឹកចិត្តការដឹកជញ្ជូនតាម បណ្តាញផ្លូវដែក និងផ្លូវទឹក ដើម្បីរំលែកបន្ទុកនៃការដឹកជញ្ជូន តាមផ្លូវគោក ក៍ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ជាមួយនេះ ត្រូវពុះពារបង្កើតចំណត យានយន្ត ឲ្យបានសមស្រប តាមស្ថានភាពកំណើន យានយន្ត ពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៃបណ្តាខេត្ត។
* ទី៧៖ អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវខិតខំដឹកនាំរៀបចំ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន រហ័ស និងមានតម្លាភាពទាក់ទង នឹង លិខិតស្នាមរបស់អ្នកបើកបរ និងយានយន្ត ដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស លិខិតបញ្ជាក់អាជីវកម្មដឹកជញ្ជូនជាដើម ដើម្បី បង្កលក្ខណៈជូនប្រជាពលរដ្ឋបំពេញកាតព្វកិច្ចច្បាប់ និងចូលរួម អនុវត្តច្បាប់បានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជំរុញចលនាប្រឡងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការណែនាំរបស់ គ.ស.ច.គ ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។
* ទី៨៖ ត្រូវអប់រំកែលំអរអត្តចរិតអាកប្បកិរិយាសីលធម៌ បំពេញការងាររបស់មន្ត្រី ដែលមានភារកិច្ច ឲ្យប្រតិបត្តិនូវភាពទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌ ស្អាតស្អំ សក្តិសមជាអ្នកការពារ និងបម្រើប្រជាពលរដ្ឋ សំដៅបង្កើនបាននូវជំនឿជឿជាក់ ចូល រួមសហការ និងកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ៕