(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨​ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រចំពោះទស្សនៈរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរិះគន់ដល់ការប្រើពាក្យថា «របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន» របស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំង។

ជាមួយគ្នានេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានព្រមានធ្ងន់ៗ ចំពោះសារព័ត៌មានមួយចំនួន ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដោយហៅកម្ពុជាថា «របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន» នេះផងដែរ។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវដល់រាល់ភាគីពាក់ព័ន្ធ និងបណ្តាញសារព័ត៌មានមួយចំនួនសូមសហការ បញ្ឈប់ការប្រើប្រាស់ពាក្យមិនត្រឹមត្រូវនេះ។ បើពុំដូច្នេះទេ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងសើរើពិនិត្យចំពោះស្ថាប័នសារព័ត៌មានណា ដែលមិនឆ្លើយតបទៅនឹងការអំពាវនាវនេះ ដោយការប្រើប្រាស់ពាក្យដូចដែលបានលើកមកខាងលើ ដែលបានបង្កប់នូវអត្ថន័យ និងខ្លឹមសារប្រឆាំងនឹងសុឆន្ទៈប្រជាជនកម្ពុជា ដែលលោកចង់បានសន្តិភាព ស្ថិរភាពនយោបាយ ឯកភាព និងការអភិវឌ្ឍសង្គមក្រុមគ្រួសារ និងជាតិខ្មែរទាំងមូល»

សម្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល, ការប្រើប្រាស់ពាក្យថា របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន គឺមានចរិតជាការញុះញង់ ធ្វើវិទ្ធង្សនាបំបែកបំបាក់សាមគ្គី និងឯកភាពជាតិរបស់កម្ពុជា ដែលបាននិងកំពុងរស់នៅក្នុងសង្គមមួយ ដែលមានសុខដុមនីយកម្ម និងកំពុងប្រកាន់យកការអនុវត្តតាមគោលការណ៍នីតិរដ្ឋយ៉ាងម៉ឺងម៉ាត់ ដើម្បីរួមចំណែកទៅដល់ការថែរក្សាសន្តិភាព ការការពារជាតិ ពង្រឹងឯករាជ្យភាពអធិបតេយ្យភាព បូរណភាពទឹកដី តាមរយៈការអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងការដឹកនាំដោយ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឡើងកឡើងថា អ្នកដែលប្រើពាក្យថា របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន គឺមិនគោរពឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតរហូតដល់៨៣ភាគរយនោះឡើយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៖