(ភ្នំពេញ)៖ កញ្ញា កៅ ហុកស៊ីម ប្រធានសមាគមទន្ដពេទ្យកម្ពុជា លើកឡើងថា បច្ចុប្បន្ននេះវិស័យទន្ដពេទ្យនៅកម្ពុជា កំពុងវិវត្តន៍ខ្លួនទៅរកភាពរីកចម្រើន កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការលើកឡើងបែបនេះ របស់ប្រធានសមាគមនទន្ដពេទ្យរូបនេះ ធ្វើឡើងក្នុងកម្មវិធីសន្និសីទ និងការតាំងពិពណ៍ទន្តសាស្ត្រលើកទី១៩ នៃសមាគមទន្តពេទ្យកម្ពុជានាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីទន្តបណ្ឌិត អឿន បូរ៉ារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងទន្ដពេទ្យជាច្រើនរូបទៀតផង។
ប្រធានសមាគមរូបនេះឲ្យដឹងថា ថ្ងៃនេះសមាគមទន្ដពេទ្យកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៍ទន្ដសាស្រ្ដលើកទី៩ ដែលកម្មវិធីនេះរៀបចំឡើង ដើម្បីឲ្យទន្ដពេទ្យ និងនិស្សិតទន្ដសាស្រ្ដទាំងជំនាន់មុន និងក្រោយទាំងអស់មកបណ្ដុះបណ្ដាលបន្ថែមទៀត។
កញ្ញាថា «បច្ចុប្បន្នវិស័យទន្ដសាស្រ្ដ មានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយដើម្បីឲ្យវិស័យនេះកាន់តែដើរទាន់ វិស័យទន្ដសាស្រ្ដលើពិភពលោក សមាគមតែងតែធ្វើការរៀបចំពិព័រណ៍ទន្ដសាស្រ្ដនេះឡើងជារៀងរាល់ឆ្នាំ»។
កញ្ញាបន្ដថា បច្ចុប្បន្ននេះការវិវត្តនៃវិស័យទន្ដសាស្រ្ដនៅកម្ពុជា ក៏កំពុងវិវត្តន៍ខ្លួនកាន់តែខ្លាំងក្លាផងដែរ បើធៀបពី១០ឆ្នាំមុន និងពេលបច្ចុប្បន្ននេះ១០ឆ្នាំមុនវិស័យនេះ ស្ទើតែគ្មានឈ្មោះនោះឡើយ ប៉ុន្ដែបច្ចុប្បន្នវិស័យទន្ដសាស្រ្ដមានភាពលេធ្លោជាខ្លាំង។
ទន្តបណ្ឌិត អឿន បូរ៉ារ័ត្នន៍ ឲ្យដឹងថា សមាគមទន្តពេទ្យកម្ពុជា បានអនុវត្តយ៉ាងល្អប្រសើរនូវ ការអប់រំបំពាក់បំប៉ននូវចំណេះដឹង បន្តឲ្យមាននិរន្តរភាពជារៀងរាល់ឆ្នាំ ដល់ទន្តបណ្ឌិត ទន្តពេទ្យនៅរាជធានីភ្នំពេញ ក៏ដូចជាមកពីបណ្តាខេត្តនានានៃកម្ពុជា។
លោកបន្ដថា ដើម្បីបង្កើនគុណភាព និងសមត្ថភាពចាំបាច់ណាស់ទន្តបណ្ឌិតទន្តពេទ្យ ទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សា នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត៕