(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រើប្រាស់រយៈពេល៣ថ្ងៃ ដើម្បីបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយករណី បានដោយជោគជ័យ និងចាប់បានជនដៃដល់ម្នាក់ នៅខេត្តកំពង់ធំ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានកិច្ចសហការយ៉ាងស្អិតរមូតជាមួយ ស្នងការដ្ឋានដ្ឋាន នគរបាលខេត្តកំពង់ធំ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ឡើងទៅខេត្តកំពង់ធំ ដោយផ្អែកតាមលិទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ ពោលហេតុការណ៍កើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីតាមចាប់ជនសង្ស័យ ដែលជាឃាតករត់គេចទៅខេត្តកំពង់ធំនោះ។

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យឃាតកដៃដល់រួមទាំងវត្ថុតាងទៀតផង។

*ដំណើររឿងមានដូចខាងក្រោម៖

ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ សុខ ចាន់ថា អាយុ៣៦ឆ្នាំ ភេទស្រី មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់នៅក្នុងចំណុច ភូមិឃុំកើតហេតុ ដោយបានប្រើប្រាស់ខ្សែអង្រឹងរឹតក និងច្របាច់ក ទៅលើជនរងគ្រោះឈ្មោះ ឈុន ទូ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើតនៅឃុំស្រែអំបិល ស្រុកបូទុមសាគរ ខេត្តកោះកុង មានទីលំនៅនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចជំនាញ បន្ទាប់ពីទទួលបានព័ត៌មានពីប្ដីជនរងគ្រោះ បានបញ្ជាកម្លាំងជំនាញខេត្ត និងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញ យ៉ាងយកចិត្តទុកដាក់។

ក្រោយពីជំនាញបាន ចុះស្រាវជ្រាវ ដឹកនាំផ្ទាល់កម្លាំងជំនាញខេត្ត និងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានពុះពារស្វែងរកមុខសញ្ញាជនសង្ស័យ តាមបច្ចេកទេសបទពិសោធន៌ជំនាញ ជាបន្តបន្ទាប់ ដោយស្ត្រីជាឃាតក បានរត់គេចទៅលាក់ខ្លួននៅខេត្តខេត្តតាកែវ១យប់ និងបន្តនាំប្ដី និងកូនប្រុស៣នាក់ មកសំងំលាក់ខ្លួន នៅខេត្តកំពង់ធំបាន១យប់។

រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញ បានសហការស្រាវជ្រាវ រកចាប់បានជនសង្ស័យឈ្មោះ សុខ ចាន់ថា នៅចំណុចផ្ទះ។ ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរខាងលើ ក៏ដោយសារមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងខេត្តកំពង់ធំ ក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានកិច្ចសហការល្អ រវាងមន្ត្រីជំនាញក្រុង និងកងកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជនដៃដល់រូបនេះ បានសារភាពថា ក្រោយពីខ្លួនមាន បានជាប់ជំពាក់បំណុលលុយកាក់អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនពិបាកចិត្ត គេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគម្រោងថា ធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះ ដោយបានរៀបចំខ្សែអង្រឹង ប្រវែងកន្លះម៉ែត្រ ត្រៀមទុកក្នុងហោប៉ៅខោ ហើយរកឱកាសសម្លាប់ជនរងគ្រោះ។

បន្ទាប់មក បានធ្វើដំណើរជិះម៉ូតូ មកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារ ហៅជនរងគ្រោះ ចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះ
ព្រោះជាមនុស្សរាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំជនសង្ស័យចូលមើលកម្រាលពូកថ្មី នៅក្នុងបន្ទប់ ហើយបានឱកាសមកដល់ ក៏យកខ្សែអង្រឹងរឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅកន្លែងខាងក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញរឹតកជនសង្ស័យវិញ រើសបំរាស់ទម្រាំតែរួច រឹតកវិញ និងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះ លែងកម្រើក រួចខ្លួនអង្គុយសំងំនៅខាងក្នុងបន្ទប់ ទាល់តែបាត់ហត់ ទើបបន្តសកម្មភាពយកខ្សែដៃ០១ ខ្សែ យកខ្សែក ០១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូប ដាក់លុយ នៅក្រោមខោអាវ ដកយកតែលុយដុល្លារ ក្រដាស១០០ និងក្រដាស៥០ ក្រដាស២០ ខ្លះជាមួយលុយខ្មែរ ដោយមិនបានរើ កកាយបើកទូរឈើ និងបើកការបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវ ហើយគេចខ្លួនសំដៅទៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតត្រូវបានចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនមកតុលាការចាត់ការបន្ដតាមនីតិវិធី៕