(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ និងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យ ដើម្បីទទួលបានសុខសន្តិភាព និងរីកចំរើនរយៈពេលកន្លងមកនេះ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញឆត្រយោង ជំនាន់ទី២៥ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆត្រយោង ជំនាន់ទី២៦ របស់កងពលតូចទ័ពពិសេសឆត្រយោង៩១១ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះ៖ «ការសាមគ្គីភាព ការឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងការគាំទ្រប្រមុខរាជរដ្ឋាភិបាល គឺជាភាពជោគជ័យការ ទទួលបានសុខសន្តិភាព និងការរីកចំរើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានជំរុញទៅកាន់មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ដែលចូលរួមក្នុងពិធីបិទវគ្គនោះត្រូវបន្តពង្រឹងថែមទៀត អំពីការសាមគ្គីភាពឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេស គាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងការរីកចម្រើនលើគ្រប់វិស័យ៕