(ភ្នំពេញ)៖ បណ្ឌិតសាស្ត្រាចារ្យ ជ័យ ចាន់អឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា ការសិក្សាស្រាវជ្រាវ គឺធ្វើឱ្យជឿនលឿនបច្ចេកវិជ្ជាណាណូ គឺជាកិច្ចការដ៏មានប្រយោជន៍បំផុតមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ព្រោះបច្ចេកវិទ្យាណាណូ ប្រើនៅបានច្រើនផ្នែក ដូចជា ក្នុងបច្ចេកវិទ្យា អេឡិចត្រូនិច វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និង បរិស្ថានជាដើម ដែលអាចដោះស្រាយបញ្ហារបស់ជាតិ និងពិភពលោកបានដោយងាយស្រួល។
បច្ចេកវិទ្យាណាណូ គឺជាសារធាតុមួយ ដែលមានវិមាឌតូច ដល់កម្រិតណាណូ គឺតូចខ្លាំង ដែលអាចយកទៅវិភាគរកសារធាតុគីមីផ្សេងៗ ដែលមានប្រយោជន៍សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
លោក ជ័យ ចាន់អឿន បានលើកឡើងថា «ការស្រាវជ្រាវអំពីបច្ចេកវិទ្យាណាណូ គឺជាកិច្ចការដ៏មានសារប្រយោជន៍បំផុតមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ព្រោះបច្ចេកវិទ្យាណាណូ គឺជាគ្រឹះសម្រាប់ប្រើប្រាស់ក្នុងផ្នែកបច្ចេកវិទ្យា អេឡិចត្រូនិច វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ចំណីអាហារ បរិស្ថាន អគ្គិសនី និង កសិកម្មជាដើម ហើយបច្ចេកវិទ្យាណាណូ ក៏ជាការឆ្លើយតបដ៏មានប្រសិទ្ធិភាពទៅនឹងការរីកចម្រើនក្នុងសតវត្សរ៍ទី ២១ នេះដែរ»។
នេះគឺជាទស្សនៈរបស់លោកបណ្ឌិតសាស្ត្រាចារ្យ ជ័យ ចាន់អឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពី Nanomaterials and Photonics Nanotechnology ២០១៩ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ CKCC នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩។
ជាមួយគ្នានោះ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការស្រាវជ្រាវរបស់ RUPP នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗទាំងអស់នេះ យកមកបម្រើវិស័យឧស្សហកម្ម ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ ជារួមការស្រាវជ្រាវនេះ មានសារៈសំខាន់ ហើយក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សន្និសីទអន្តរជាតិដែលមានរយៈពេល២ថ្ងៃនេះ មានសាស្ត្រាចារ្យ និងអ្នកវិទ្យាសាស្ត្រជាច្រើនមកពីបណ្តាប្រទេសមួយចំនួន ដូចជាប្រទេស ស៊ុយអែត និង មកពីប្រទេសចិនជាដើម ផ្តោតជាពិសេសទៅលើបច្ចេកវិទ្យាណាណូ និងឧបករណ៍បច្ចេកវិទ្យាណាណូ។
គួរកត់សំគាល់ថា ចំពោះប្រទេសកម្ពុជា ត្រូវបានមើលឃើញ ការស្រាវជ្រាវ និង ពិសោធន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា អ្នកពាក់ព័ន្ធទាំងឡាយ បាននិងកំពុង ធ្វើការយ៉ាងសកម្ម ស្វាហាប់ និងប្រកបដោយភាពជឿជាក់ ដើម្បីប្រែក្លាយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យក្លាយទៅជាសកលវិទ្យាល័យបែប STEM ពោលគឺ សកលវិទ្យាល័យ សិក្សាស្រាវជ្រាវ ពិសោធន៍ សាកល្បង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលជាប្រព័ន្ធសិក្សាទំនើបលំដាប់ពិភពលោក៕