(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានថ្លែងប្រាប់និស្សិតឱ្យខិតខំស្រាវជ្រាវប្រមូលចំណេះដឹង ដើម្បីធ្វើបទបង្ហាញនៅក្នុងមហាសន្និសីទតំបន់ទន្លេមេគង្គ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នៅសកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម។
លោក មួន វាសនា បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈប្រតិភូបណ្ឌិតសាស្ត្រាចារ្យមកពីប្រទេសថៃ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម។
លោក មួន វាសនា បានបន្តថា នេះជាលើកទីមួយហើយ ដែលសាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និសីទតំបន់ទន្លេមេគង្គ ដោយមានការចូលរួមពីបណ្ឌិតសាស្ត្រាចារ្យ នៃបណ្ដាប្រទេសជាច្រើន។
លោក មួន វាសនា បានបញ្ជាក់ថា នៅថ្ងៃនេះផងដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យ UME បានធ្វើកិច្ចប្រជុំជាលើកដំបូង ជាមួយគណប្រតិភូ បណ្ឌិតសាស្រ្តាចារ្យ មកពីបណ្ដាលសាកលវិទ្យាល័យ នៃប្រទេសថៃ ដើម្បីរៀបចំធ្វើផែនការសកម្មភាព និងពិនិត្យមើលទីតាំង និងការសម្របសម្រួល ក៏ដូចជាការផ្លាស់ប្ដូរយោបល់ ដើម្បីធ្វើឱ្យមហាសន្និសីទតំបន់ទន្លេមេគង្គ និងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ដំណើរការទៅបានដោយជោគជ័យ។
ជាមួយគ្នានោះដែរ ប្រធានគណៈគ្រប់គ្រងរូបនេះ បានថ្លែងប្រាប់ដល់និស្សិត នៃសាកលវិទ្យាល័យ UME ទាំងអស់ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវរកចំណេះដឹងថ្មីៗ ដើម្បីធ្វើជាបទបង្ហាញនៅ ក្នុងសន្និសីទនោះផងដែរ។
ម្យ៉ាងទៀតភ្ញៀវដែលមកពីបណ្ដាប្រទេសជាច្រើននោះ ក៏នឹងមានការផ្ដល់ព័ត៌មាន ពីគ្នាទៅវិញទៅមកនូវវប្បធម៌ អរិយធម៌ នៃប្រទេសរបស់ខ្លួន នីមួយៗ ក្នុងឱកាសនោះផងដែរ៕