(ព្រះសីហនុ)៖ ក្រុមហ៊ុន K 99 Group រួមជាមួយក្រុមហ៊ុនដៃគូមកពីប្រទេសចិន បានចំណាយទុនវិនិយោគប្រមាណ ៧០លានដុល្លារ វិនិយោគលើការបង្កើតទីក្រុងរស្មីមង្គល នៅលើផ្ទៃដីប្រមាណ ១០ហិកតា នៅខេត្តព្រះសីហនុ។
ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីក្រុងរស្មីមង្គល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ លោក ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K 99 Group បានឱ្យដឹងថា ក្រុមហ៊ុន K 99 Group របស់លោក បានសហការជាមួយក្រុមហ៊ុនចិន ចំណាយទុនវិនិយោគទុនរួមគ្នាចំនួន ៧០លានដុល្លារ ដើម្បីសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅលើផ្ទៃដីទំហំ ១០ហិកតា សរុបមាន៣៦អគារ។
លោក ឫទ្ធី រស្មី បានបន្តថា ការដែលក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនចិនវិនិយោគបង្កើតឱ្យមានទីក្រុងរស្មីមង្គលនេះឡើង គឺដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមគ្គទ្ទេសក៍ដ៏ឆ្នើម និងឈ្លាសវៃ ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
អគ្គនាយកក្រុមហ៊ុន K 99 Group រូបនេះ បានបន្ថែមទៀតថា ការងារសាងសង់ទីក្រុងថ្មីមួយនេះ ក៏បានបង្កើតការងារជូនប្រជាពលរដ្ឋ ដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសម្យ៉ាងទៀត ទីក្រុងរស្មីមង្គល នឹងក្លាយជាទីក្រុងដែលជួយលើកមុខមាត់ខេត្តព្រះសីហនុ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាឱ្យមកស្នាក់នៅ និងធ្វើដំណើរកម្សាន្តតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតផងដែរ៕