(ភ្នំពេញ)៖ ជនសង្ស័យចំនួន១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្ម ចំនួន៦នាក់ និងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាបបាន នាវេលាម៉ោង០៨៖១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ទាប់ភ្លឺ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់អធិការនគរបាលខណ្ឌដូនពេញ ដែល Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា នាវេលាម៉ោង២០៖១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះដួលរបួស)។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន បានស្ពាយកាបូប លើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវលេខ១៥៤ លុះមកដល់ ចំណុចកើតហេតុខាងលើ។
ស្រាបតែភ្លាមៗនោះ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក CPX ១២៥ ពណ៌សស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង។
ជនរងគ្រោះ ក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះ កម្លាំងខណ្ឌប៉ុស្តិ៍ ដែលកំពុងល្បាត ដល់ចំណុចក្បែរនោះ ក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើឲ្យជនសង្ស័យម្នាក់ ដែលអង្គុយ ពីក្រោយភ័យធ្លាក់ពីលើម៉ូតូ និងបានត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។
បន្ទាប់ពីបានតំរុយ នៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការ បន្តតាមយកបក្សពួក ដោយច្បាមរហូតមក ដល់វេលាម៉ោង២៣៖៣០នាទី ទើបឈានទៅដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព។
ជនសង្ស័យ ត្រូវឃាត់ខ្លួនចំនួន២នាក់ រួមមាន ទី១៖ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកម្មភាពឆក់), និងទី២៖ ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។ វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿង និងសម្ភារបាត់បង់គ្មាន។
ជាវិធានការជំនាញ ដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថកិច្ច បានបន្តជាន់យកចម្លើយជនសង្ស័យ និងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បន្តរហូតដល់វេលាម៉ោង៥ទាបភ្លឺ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួក និងជាសមាសភាពឆក់សកម្ម តាមបណ្តាខណ្ឌផ្សេងៗ៤នាក់ទៀត ព្រមទាំងជនសង្ស័យ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន៥នាក់ផ្សេងទៀត រួមជាមួយម៉ូតូ២គ្រឿង នាំយកមកធ្វើការសាកសួរ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្ម៦នាក់ និងសមាសភាពប្រើប្រាស់គ្រឿងញៀន៥នាក់ ដោយចាប់ផ្តើមបើកកិច្ចប្រតិបត្តិការ ពីវេលាម៉ោង០៨៖១០នាទី យប់ថ្ងៃទី១៧ រហូតមកដល់វេលាម៉ោង៥ទាប់ភ្លឺ ឈានចូលថ្ងៃទី១៨ ដែលដឹកនាំបញ្ជាស្រាវជ្រាវសួរចម្លើយដោយវរៈសេនិយ៍ឯង ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ។
អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ផងដែរថា ទិសដៅបន្ត កម្លាំងនគរបាល នឹងបន្តប្រើប្រាស់វិធានការជំនាញ សួរចម្លើយរកបក្ខពួក និងប្រវត្តិសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំ រឿងតាមនិតិវិធី៕