(បាត់ដំបង)៖ លោក ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងផ្លូវការរបស់លោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលចូលនិវត្តន៍។
ថ្លែងក្នុងឱកាសនោះ លោក ចាប សុថារិទ្ធ បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រជាជនដោយស្មោះត្រង់ ទទួលភារកិច្ច ដឹកនាំ គ្រប់គ្រង សម្របសម្រួល លើគ្រប់វិស័យ ស្របតាមបេសកកម្មចំបងរបស់ក្រសួង។
ពិសេសគឺតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបម្រើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធរបស់ពលរដ្ឋ ពោលពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
បន្ថែមពីនេះ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕