(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ និងបានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីមកឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។
សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានធ្វើនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជម្រាបទៅកាន់ប្រជាពលរដ្ឋក្នុងសកម្មភាពខាងលើនេះ លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយទាំងនេះ គឺសម្រាប់ចែកជូនចំពោះតែបងប្អូនប្រជាពលរដ្ឋក្រីក្រ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃផ្សេងៗ «ពោលគឺជាជនងាយរងគ្រោះ» ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានតែប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុករបស់លោកទាំងទ្វេ៕