(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់ភ្លើងបូជាសព នាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីតរដ្ឋមន្រ្តីការពារប្រទេស និងអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ដែលបានទទួលមរណភាព កាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងចាត់ទុកមរណភាពរបស់ នាយឧត្តមសេនីយ៍ កុយ ប៊ុនថា គឺជាការបាត់បង់យុទ្ធមិត្ត រួមសមរភូមិប្រយុទ្ធហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ កុយ ប៊ុនថា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕