(ភ្នំពេញ)៖ ក្រុមអ្នកនយោបាយប្រឆាំងពេលនេះ មិនដូចពីពេលមុនឡើយ គឺប្រែប្រួលស្ទើរតែទាំងស្រុងទាំងថ្នាក់ដឹកនាំ កម្លាំងគាំទ្រ និងទាំងយុទ្ធសាស្ត្រនយោបាយក្រោយពីខ្លួនបានដើរខុសយុទ្ធសាស្ត្រ ឱនក្បាលធ្វើខ្ញុំកញ្ជះបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌ឡើងដឹកនាំប្រទេសមិនតាមមធ្យោបាយប្រជាធិបតេយ្យ។ រយៈពេលជាងមួយឆ្នាំក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយច្បាប់ក្រោយពី កម្លាំងរបស់ក្រុមខ្មោចបក្សសង្គ្រោះជាតិបានបែកបាក់ពីគ្នា ចែកចេញជាបី គឺក្រុម សម រង្ស៊ី ក្រុម កឹម សុខា និងក្រុម គង់ គាំ។
ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ជាកម្លាំងនយោបាយដែលគេបានដឹងថាព្យាយាមដណ្តើមឥទ្ធិពលគ្រប់គ្រងក្នុងជួរបក្សរៀងខ្លួនតាំងពីដើមរៀងមក ចំណែកក្រុម គង់ គាំ ត្រូវបានគេមើលឃើញថា ជាប៉ូលនយោបាយថ្មីមួយដែលកើតចេញពីការបែកបាក់នៃខ្មោចបក្សសង្គ្រោះជាតិ ហើយកំពុងតែប្រមូលផ្តុំកម្លាំងថ្មីមួយធ្វើ ដំណើរឆ្ពោះទៅមុខ ខណៈ គ្រួសារត្រកូលគង់ ក្នុងនោះមាន គង់ គាំ និង គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីទ្រង់បានយល់នូវសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្នុងចំណោមក្រុមនយោបាយទាំងបីនេះ សម រង្ស៊ី ត្រូវបានគេមើលឃើញថាកំពុងតែរៀបចំនូវយុទ្ធសាស្ត្រ និងសេណារីយូនយោបាយមួយដើរទៅរកអតីតកាល ព្រោះបាន និងកំពុងដេកយល់សប្តិ កណ្តាលថ្ងៃត្រង់រំពឹងថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ និងទទួលបានមកវិញនូវអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាចទាមទារឱ្យមានការបោះឆ្នោតសភា និងព្រឹទ្ធសភាឡើងវិញ។ នេះគ្រាន់តែជាការវិលវល់ក្នុងអតីតកាលតែប៉ុណ្ណោះ ដោយមិនបានបើកភ្នែកមើលថាតើកម្ពុជាបាននិងកំពុងបោះជំហានដល់ណាទៅហើយ និងតើកម្លាំងរបស់ខ្មោចគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងចំណុចណា? កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម រង្ស៊ី បានប្រើយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» ដោយបានអំពាវនាវឱ្យពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតកុំទៅបោះឆ្នោត តែទីបំផុតមានឈ្នះមែនគឺឈ្នះតែម្នាក់ឯងប៉ុណ្ណោះ។
ឥឡូវ សម រង្ស៊ី ក៏បន្តអនុវត្តយុទ្ធសាស្ត្រដេកផ្ទះ ឈ្នះឯងទៀតដោយគំរាម ព្រមានអ្នកដែលជាប់បំរាម មិនឱ្យធ្វើនយោបាយតាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ កុំស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញបានដោយអះអាងថា អ្វីៗនឹងទទួលបានមកវិញពេល ខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ យុទ្ធសាស្ត្រនេះពិតជាយុទ្ធសាស្ត្រចាញ់ចាញ់ទៀតហើយ ព្រោះប្រហែលទាល់តែសេះដុះស្នែងហើយមើលទៅទើបក្តីស្រម៉ៃនេះអាចកើតមានឡើង។ ខណៈ សម រង្ស៊ី ដណ្តើមខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា មកគ្រប់គ្រងតាមរយៈការធ្វើបក្សប្រហារ កំពុងតែរស់នៅក្នុងអតីតកាលរបស់ខ្លួន សម្រាប់ក្រុម កឹម សុខា ទោះបីជាមានមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែក៏បានរៀបចំជើងព្រួលរួចជាស្រេចទៅហើយ ក្នុងជំហានបោះទៅមុខឆ្ពោះទៅរកយុទ្ធសាស្ត្រក្នុងសេណារីយោបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ ២០២៣។
ពេលនេះទ្វារនៃការស្តារនីតិសម្បទានយោបាយឡើងវិញ បានបើកហើយ នោះក្រុម កឹម សុខា និយមក៏បាននិងកំពុងរៀបចំខ្លួនទាមទារសិទ្ធិធ្វើនយោបាយដែលជាការការអនុវត្តច្បាប់។ ការស្នើសុំសម្បទាធ្វើនយោបាយឡើងវិញនេះមិនមែនជាការទទួលស្គាល់កំហុស និងសុំអភ័យទោសចំពោះ ទង្វើខុសច្បាប់របស់ខ្លួនដូចដែលទណ្ឌិត សម រង្ស៊ី និងអ្នកនយោបាយផ្សេងទៀតដែល ជាប់ទោសបានធ្វើដើម្បី ទទួលបានការលើកលែងទោសឡើយ។ ប៉ុន្តែជាការផ្តល់ឱកាសឱ្យខ្លួនឯង និងសម្រេចនូវឆន្ទៈរបស់ខ្លួនដែល ចង់ជួយសង្គ្រោះមេបក្ស កឹម សុខា និងអ្នកគាំទ្ររបស់ខ្លួន។ ពួកគេនឹងមិនរស់ដោយស្លាប់ក្រឡាដូចក្រុម សម រង្ស៊ី ឡើយ ប៉ុន្តែនឹងរៀបចំសេណារីយោមួយឆ្ពោះទៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ យ៉ាងពិតប្រាកដដូចអ្វីដែល គ្រួសារត្រកូល គង់ បាននិងកំពុងធ្វើ។ ប្រសិនបើយឺតយ៉ាវក្នុងការចាប់យកឱកាស នោះអ្វីៗអាចនឹងយឺតយាវ ឬក៏បាត់បង់គ្មានថ្ងៃវិលត្រឡប់មកវិញ។
អ្វីដែលគេមើលឃើញពីអំណេះតទៅ សម រង្ស៊ី និងបក្ខពួកខ្លួននឹងបាត់បង់ទីតាំងឈរជើងនយោបាយ យ៉ាងពិតប្រាកដព្រោះ សម រង្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅអតីតកាល ខណៈក្រុម កឹម សុខា និងក្រុម គង់ គាំ កំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ ការធ្វើបក្សប្រហារដណ្តើមយកឈ្មោះជាប្រធានស្តីទីខ្មោចគណបក្ស សង្គ្រោះជាតិរបស់ សម រង្ស៊ី បានត្រឹមតែស្អុយឈ្មោះ និងធ្វើឱ្យគេឯងដឹងក្រយៅពិតរបស់ខ្លួនគឺ សម រង្ស៊ី ជាមនុស្សអត្តនោម័ត និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តដើរលើសាកសពអ្នកដទៃដើម្បីសម្រេច នូវមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន រំលោភលក្ខន្តិកៈបក្ស និងបំពានដៃគូនយោបាយខ្លួន។ អ្នកនយោបាយបែប សម រង្ស៊ី នេះគ្មានប្រយោជន៍អ្វីសម្រាប់កម្ពុជាទេ ហើយភាពខុសឆ្គងនៃការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនគឺ ជាបរាជ័យក្នុងជីវិតនយោបាយរបស់ខ្លួន។ ទីបំផុត សម រង្ស៊ី បានត្រឹមរស់ក្នុងអតីតកាលប៉ុណ្ណោះ គឺទៅមុខមិនរួចឡើយ ហើយក៏ដល់ពេលដែលត្រូវសម្រាកដែរ!៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩