(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន។
ចំពោះការចាប់ផ្តើមយកពន្ធលើអង្ករកម្ពុជានេះ អ្នកនាំចេញអង្ករកម្ពុជា បានបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួនថា នឹងធ្វើឲ្យប្រជាពលរដ្ឋអឺរុប ដែលជាអ្នកទទួលទានអង្ករ និងគាំទ្រអង្ករកម្ពុជា ទទួលការខាតបង់ធំជាងគេ ព្រោះពួកគេនៅតែទិញអង្ករកម្ពុជាហូប តែក្នុងចំនួនតិចជាងមុន ដោយត្រូវទិញក្នុងតម្លៃថ្លៃ។ នេះបើតាមការលើកឡើងរបស់លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
លោកបញ្ជាក់ទៀតថា ចំណែកឯរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញនិងកសិករកម្ពុជា នឹងត្រូវខាតបង់ប្រាក់ចំណេញ ដោយសារតែកម្ពុជាអាចនឹងបាត់បង់ទីផ្សារអង្ករខ្លះនៅ អឺរ៉ុប ដោយអាចនឹងរកមធ្យោបាយចូលទីផ្សារ អឺរ៉ុបឡើងវិញ និងសិក្សាពីផលប៉ះពាល់ទីផ្សារនេះ។
លោក សុង សារ៉ន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាអ្នកខាតមាន៖ ទី១៖អ្នកខាតធំជាងគេ គឺប្រជាពលរដ្ឋអឺរុប ដែលជាអ្នកទទួលទានអង្ករ និងគាំទ្រអង្ករកម្ពុជា។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតំលៃចាប់ពីខែមេសា ឬឧសភាខាងមុខនេះ។ ២៖ ខាតលើប្រាក់ចំណេញសំរាប់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ និងកសិករកម្ពុជា។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU ។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និងសិក្សាពីផលបះពាល់ទីផ្សារនេះបាននៅខែកុម្ភៈ»។
អ្នកនាំចេញអង្កររូបនេះ លើកឡើងទៀតថា «នៅក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ ប្រាកដណាស់នឹងជួយដល់កសិករ រ៉ោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ក៏ដូចជាពង្រីកទីផ្សារថ្មីទៀត។ EU មានរឿងគេត្រូវជួយឧស្សាហកម្មស្រូវអង្ករគេ កម្ពុជាក៏មិននៅស្ងៀមដែរ បាននិងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ វិស័យឯកជនដើម្បីស្រោចស្រង់ និងលើកស្ទួយវិស័យនេះ»។
ជាមួយគ្នានេះ លោកបានអំពាវនាវសូមបងប្អូន កសិករ រោងម៉ាស៊ីនកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ រួមធ្វើជាមួយគ្នា ដើម្បីហែលឆ្លងឧបសគ្គនេះ សូមបន្តទិញស្រូវពីកសិករ ក្នុងពេលប្រមូលផលនេះ។
ជុំវិញការសម្រេចយកពន្ធលើអង្ករខ្មែរ ពីអឺរ៉ុបនេះ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយជាខ្លាំង ដោយក្រសួងបានចាត់ទុកវិធានការនេះថា ជាអាវុធសម្លាប់កសិករខ្មែរ និងបានប្រកាសតវ៉ាជាមួយសេចក្តីសម្រេចនេះទៅតាមទិដ្ឋច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុបនេះ មិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងរាជរដ្ឋាភិបាល វិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុបនោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះប្រៀបបាននឹងអាវុធសម្លាប់កសិករខ្មែរ និងគ្រួសារ ដែលកំពុងជាប់បំណុលស្ថាប័នឥណទាន។ ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ យ៉ាងដូច្នេះ «ការសម្រេចដាក់វិធានការការពារទីផ្សារដោយសហភាពអឺរ៉ុបមកលើអង្ករ (Indica Rice) ដែលមានប្រភពដើមមកពីកម្ពុជា មានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតពួកគាត់ និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់»។
ក្រសួងក៏បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តធ្វើការតវ៉ាជាមួយសេចក្តីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្តីសម្រេចដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវឲ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណី រវាងកម្ពុជា និងសហភាពអឺរ៉ុប។
សូមជម្រាបថា សហគមន៍អឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួន ដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន៕