(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈ Facebook បានអរគុណជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិ និងគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ដោយសារតែប្រទេសកម្ពុជាយើង មានសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបធ្វើឲ្យដៃគូពាណិជ្ជករ វិនិយោគិន និងសហគមន៍អន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង មកលើការដឹកនាំរបស់កម្ពុជា។
ជាក់ស្តែង កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
ខ្លឹមសារបង្ហោះលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានអត្ថន័យទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? មួយរយៈកាលកន្លងទៅនេះ ប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំងទៅមុខគួរអោយកត់សម្គាល់ ហើយពួកគេបានកោតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជាយើង។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
អ្វីដែលយើងអាចធ្វើបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងលំនឹងនៃកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទាំងអស់នេះហើយដែលបានធ្វើអោយដៃគូ ពាណិជ្ជករ វិនិយោគគិន និងសហគមន៍អន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់កម្ពុជា។
អរគុណបងប្អូនជនរួមជាតិ និងគណបក្សនយោយាបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕