(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្ដបន្ទាប់នៅស្រុកចំការលើ និងស្រុកជើងព្រៃ ពាក់ព័ន្ធករណីគ្រឿងញៀន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត និងបទល្មើសជាក់ស្ដែង។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងស្រុកចំការលើ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន០១ដីកា ឃាត់ជនសង្ស័យចំនួន០២នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ចិន សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន០៥កញ្ចប់ ទូរស័ព្ទ០១គ្រឿង និងប្រាក់ញុះញង់៥០,០០០រៀល។
ជនសង្ស័យទី២៖ឈ្មោះ ឈីន ទីហ៊ាង ហៅទី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៧៨១ ពស ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិស្ពឺ (ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងធ្វើការឆែកឆេរផ្ទះរបស់មុខសញ្ញា រកឃើញវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សសង្ស័យ ជាសារធាតុញៀនចំនួន០២កញ្ចប់តូច កាំបិតចុងស្រួច (ដាវ) ចំនួន០៤ដើម ឧបករណ៍សេពគ្រឿងញៀនមួយសំរាប់ សំណាក និងថង់វិចខ្ចប់មួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕