(ភ្នំពេញ)៖ ស្ថានទូតឡាវប្រចាំនៅកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំអបអរសាទរ ខួបកំណើតគម្រប់លើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ នៅសណ្ឋាគារកាំបូយ៉ាណា រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងតំណាងអង្គទូត ប្រទេសជាមិត្តយ៉ាងច្រើនផងដែរ។
នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយឥតឧបមា និងសូមផ្ញើជូននូវអំណរសាទរ យ៉ាងក្លៀវក្លាស្មោះស្ម័គ្រជាទីបំផុតព្រមទាំងប្រសិទ្ធិពរជ័យមង្គលបរវមហាប្រសើរជូន ចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសនាយទាហាន នាយទាហានរង ពលទាហាន និងប្រជាជនឡាវ ជាបងប្អូន។
នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់នូវរាល់សមិទ្ធិផលទាំងឡាយ ដែលកងទ័ព និងប្រជាជនឡាវ សម្រេចបានរយៈពេល៧០ឆ្នាំ កន្លងមកនេះ ក្នុងបុព្វហេតុតស៊ូការពារបូរណភាពទឹកដីដ៏បវរ និងបន្តការកសាងកងទ័ពឱ្យក្លាយជាកងទ័ពខ្លាំងរឹងមាំ ទំនើបទាន់សម័យ ជាកម្លាំងបង្គោលក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធ្វើឱ្យកិត្យានុភាពរបស់កងទ័ពប្រជាជនឡាវ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែលេខធ្លោ ក្នុងតំបន់និងលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានលើកឡើងថា កងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក តាំងតែពីអតីតកាលរហូតដល់បច្ចុប្បន្នក៏នៅតែបន្តពង្រឹងពង្រីកបន្ថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជាប្រពៃណីដ៏ល្អផូរផង់យូរលង់ណាស់មកហើយរវាងកងទ័ព ប្រជាជននៃប្រទេសយើងឱ្យកាន់តែរឹងមាំស្ថិតស្ថេរ ជារៀងរហូត៕