(ភ្នំពេញ)៖ ទីតាំងបើកល្បែងឆ្នោតធំមួយកន្លែង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅពេលនេះបានបើកដំណើរការឡើងវិញយ៉ាងរំភើយ ដោយគ្មានក្រែងរអែងច្បាប់បន្ដិចណាសោះ ខណៈប្រជាពលរដ្ឋមូលដ្ឋានស្នើអភិបាល និងអធិការខណ្ឌចុះបង្ក្រាបជាថ្មី។
ប្រជាពលរដ្ឋមូលដ្ឋានខណ្ឌទួលគោក បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះថា ពួកគេឃើញទីតាំងបើកល្បែងកន្ទុយលេខធំមួយ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយឃាត់ខ្លូនជនសង្ស័យបាន៥នាក់នោះ នៅពេលនេះបើកដំណើរការឡើងវិញជាធម្មតា។
ប្រភពដដែលរូបនេះ បានរៀបរាប់ថា នៅពេលឃើញដំណើរការឡើងវិញបែបនេះ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទួចដល់អភិបាល និងអធិការខណ្ឌទួលគោក មានវិធានការដើម្បីបង្ក្រាបឡើងវិញ ខណៈដែលពួកគាត់មើលឃើញថា ម្ចាស់ទីតាំងនេះហាក់មិនក្រែងរអែងជាមួយច្បាប់សោះ បើទោះបីទីតាំងធ្លាប់ត្រូវបានបង្ក្រាបម្ដងទៅហើយក្ដី។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបង្រ្កាបជាក់ស្ដែង ករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាមកន្ទុយលេខ) ដែលមានទីតាំងផ្ទះលេខ២២ផ្លូវ១៣៨Z ក្រុម៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាភ្នាក់ងារស៊ីសង (ឆ្នោតវៀតណាម កន្ទុយលេខ) ដោយជនសង្ស័យទី១៖ឈ្មោះ សុខ ស្រីហឹង ភេទស្រី អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ គឹមអេង ភេទស្រី អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ សំ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ វណ្ណា វិនា ភេទស្រី អាយុ២០ឆ្នាំ និងទី៥៖ឈ្មោះ ព្រំ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ដែលពួកគេទាំង៥នាក់នេះ ជាអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាម។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនដឹងថាដំណើរការដល់ណានោះទេ៕