(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ចប់ការសាកសួរជនជាតិចិន ដែលេពាក់ព័ន្ធករណីបង្ខំ ឲ្យស្ដ្រីម្នាក់វះកាត់ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក»។ សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតុលាការ។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
យោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មាត្រា២១៖ ការចាប់ពង្រត់ ការឃុំឃាំង ឬការបង្ខាំង។ បុគ្គលដែលចាប់ឃុំឃាំង ឬបង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្ដន្ទាទោស៖
*ទី១៖ជាប់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួន មានរយៈពេលតិចជាងមួយខែ។
*ទី២៖ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬ លើសពីមួយខែ។
ដោយឡែក អំពើកំហែងយក ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨៖០០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់លោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ។
សម្រាប់ហេតុការណ៍នេះ នារីរងគ្រោះ និងម្តាយរួមជាមួយប្អូនប្រុស បានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់បើមិនវះកាត់គីសដៃស្បូនទេអាចនឹងស្លាប់។ ភ្លាមៗនោះនារីរងគ្រោះបាននិយាយថា ខ្លួនគ្មានប្រាក់ទេ ប៉ុន្តែខាងមន្ទីរពេទ្យនៅតែបង្ខំ និងមិនបានប្រាប់តម្លៃទៀត រហូតធ្វើការវះកាត់ ហើយអស់ប្រមាណ២០០០ដុល្លារ។ ជនរងគ្រោះមិនមានលុយឲ្យគ្រប់ ទើបខាងមន្ទីរពេទ្យចាប់ឃុំក្រុមជនរងគ្រោះតែម្តង។
ក្រោយទទួលបានព័ត៌មាននេះ និងក្រោយការចុះស្រាវជ្រាវរួចមក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យនេះជាបណ្តោះអាសន្នផងដែរ។
ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២៕