(ស្វាយរៀង)៖ លោក អ៊ូ សុខខឿន អនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង KINGMAKERS ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានចូលធ្វើការងារជាធម្មតាវិញហើយ ក្រោយពួកគេបានធ្វើកូដកម្ម មិនចូលធ្វើការរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ប្រធានមន្ទីររូបនេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងថា ការចូលបម្រើការងារក្នុងរោងចក្រវិញនោះ បន្ទាប់ពីថៅកែរោងចក្របាននិយាយថា ព្រមបើកប្រាក់ឲ្យ កម្មករ-កម្មការិនីតែ៣០ភាគរយប៉ុណ្ណោះ ប៉ុន្តែលោកមិនដឹងថា ក្រុមកម្មករយល់ព្រម ឬមិនយល់ព្រមនោះទេ លុះព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្រាប់តែចូលធ្វើការវិញជាធ្មតា ដោយមិនមានអ្នកណាម្នាក់ធ្វើកូដកម្មអ្វីទេ។
សូមបញ្ជាក់ថា កម្មករ-កម្មការិនីប្រមាណ២ពាន់នាក់ បានលើកគ្នាបាតុកម្មតវ៉ាទាមទារប្រាក់៥០ភាគរយ ដែលថៅកែរោងចក្រផលិតស្បែកជើង KINGMAKERS ប្រកាសព្យួរការងាររយៈពេល១ខែ ដោយលើកហេតុផលថា គ្មានអ្នកបញ្ជាទិញ។
ករណីផ្ទុះបាតុកម្មនេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩៕