(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា វិទ្យាស្ថានជាតិនិបទិក បានដើរតួនាទីជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពុំត្រឹមតែមានភារកិច្ច ក្នុងការបណ្ដុះបណ្ដាលដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងផ្ដល់ការបណ្ដុះបណ្ដាល ជំនាញទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ហើយក៏ជាសេនាធិការបស់ក្រសួង ដើម្បីចូលរួមអនុវត្តគោលនយោបាយសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជាផងដែរ។
លោក ត្រាំ អ៊ីវតឹក បានថ្លែងយ៉ាងដូវនេះនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដល់និស្សិតជំនាន់ទី១ ចំនួន៤៨នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (និបទិក-NIPTICT)។
លោក ត្រាំ អ៊ីវតឹក ក៏បានកោតសរសើរ ចំពោះការខិតខំព្យាយាមក្នុងការសិក្សារបស់និស្សិត និងការផ្តល់ទំនុកទុកចិត្តទៅលើកម្មវិធីសិក្សា និងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបតែបង្កើតថ្មី។ លោកបានសម្ដែងនូវមោទនភាព បន្ទាប់ពីបានដឹងថា និស្សិត ៩៩% របស់វិទ្យាស្ថានជាតិនិបទិក ដែលបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ហើយក្រៅពីនេះ បានបន្តការសិក្សានៅក្រៅប្រទេស ពោលគឺពុំមាននិស្សិតណាម្នាក់ មិនមានការងារធ្វើឡើយ ហើយជាពិសេសនិស្សិតមួយចំនួនរបស់វិទ្យាស្ថាន បាននឹងកំពុងធ្វើការនៅក្រុមហ៊ុនធំៗ ជាច្រើនដូចជា ក្រុមហ៊ុនស្មាតអាហ្សាតា ក្រុមហ៊ុនមិតហ្វូន ក្រុមហ៊ុនហ៊ួវៃ ក្រុមហ៊ុន SEATEL ក្រុមហ៊ុន EZECOM ព្រមទាំងក្រុមហ៊ុនធំៗ ជាតិ និងអន្តរជាតិមួយចំនួនទៀត។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងឡាយ ដែលបានជួយជាអាហារូបករណ៍ សម្ភារៈ មន្ទីរពិសោធន៍ និងទទួលយកនិស្សិតវិទ្យាស្ថានជាតិនិបទិក ចុះកម្មសិក្សា និងបានសហការយ៉ាងល្អ។
លោកក៏បានថ្លែងអំណរគុណដល់ស្ថានទូតបារាំង ស្ថានទូតឥណ្ឌា និងដៃគូអភិវឌ្ឍន៍ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយវិទ្យាស្ថានជាតិនិបទិក ក្នុងការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកទេសនៅកម្ពុជា ដែលនេះជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត និងសូមលើកទឹកចិត្តឱ្យបន្តកិច្ច សហប្រតិបត្តិការនេះកាន់តែខ្លាំងក្លាថែមទៀត៕