(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋម្ចាស់គោ ដែលត្រូវបានចោរលួចពីចំណង នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រោលគោ ជាប់ផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានទទូចស្នើឱ្យសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការជួយតាមរកឱ្យប្រជាពលរដ្ឋផង បន្ទាប់ពីរបស់គាត់ត្រូវបានចោរលួចការពីយប់មិញនេះ។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គោញី២ក្បាលនោះ ជាគោផើម ជាកម្មសិទ្ធិរបស់ឈ្មោះ គឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ លោកអធិការបន្ថែមថា តាមការរៀបរាប់ពីម្ចាស់គោ រូបគាត់បានដេកលក់ មិនដឹងពីសកម្មភាពរបស់ក្រុមចោរនោះឡើយ លុះវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករានេះ ទើបដឹងថាបាត់គោតែម្តង។
លោកអធិការបានបន្តថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើត ឃើញថា ពិតជាបានបាត់គោញីផើម២ក្បាល ពិតប្រាកដមែន។ ក្រោយមកលោកបានប្រជុំដាក់ចេញនូវវិធានការ ក្នុងការបែងចែកកម្លាំងនគរបាល និងប្រជាការពារ ដើម្បីចុះប្រតិបត្តិការបង្ក្រាបជនល្មើស ឲ្យបានទាន់ពេលវេលា ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋភ្លាមៗ តែម្តង៕