(ភ្នំពេញ)៖ ២នាក់ប្ដី-ប្រពន្ធ ត្រូវបាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនិងសំណុំរឿងឆបោក ក្រោមរូបភាពលក់ដីខ្យល់ប្រមូលប្រាក់ពីអ្នកទិញប្រមាណ១លានដុល្លារ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានទី១៖ ឈ្មោះ ជៀម ច័ន្ទបុរី អាយុ៥០ឆ្នាំ ជាប្រពន្ធ មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នរស់នៅផ្ទះលេខ៥៤៥៥ ផ្លូវសម្បត្តិមាស១ បុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី២៖ឈ្មោះ អ៊ូ សៀករ៉ាន់ អាយុ៤៨ឆ្នាំ ត្រូវជាប្ដី។
បើតាមមន្រ្តីនគរបាល រូបភាពឆបោក នៃបុគ្គលទាំង២នាក់ ដោយមុនដំបូងឡើយ ពួកគេបានចាត់តាំងគ្នីគ្នាឲ្យមានអ្នកដើរតួនៅខាងក្រៅប្រទេសជាមួយមេធាវី ទៅចុះកិច្ចសន្យាជាមួយធនាគារ ដើម្បីឲ្យអ្នកទិញបង់ប្រាក់ ដើម្បីលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋដោយមានដីប្រពន្ធ២នាក់ ជាជនសង្ស័យដើរឃោសនាអូសទាញឲ្យជឿស៊ប់ព្រមទិញ និងបង់ប្រាក់ជូនពួកគេ។
ក្នុងនោះមានប្រជាពលរដ្ឋ ចំនួន១២គ្រួសារ បានចាញ់កល់ល្បិចលក់ដីខ្យល់នេះ ដោយបានបង់លុយទិញដីជាបន្តបន្ទាប់។ គ្រួសារខ្លះ៥ម៉ឺនដុល្លារ ខ្លះ៨ម៉ឺនដុល្លារ ខ្លះរហូតដល់៣៥ម៉ឺនដុល្លារ សរុបជិត១លានដុល្លារឯណោះ ប៉ុន្តែមិនឃើញមានអ្វីជាថ្នូរទេ ក្រៅអំពីក្រដាស់បង្ហាញពីដីអភិវឌ្ឍនៅកន្លែងនេះ កន្លែងនោះមិនច្បាស់លាស់។
ដោយកើតមានការសង្ស័យម្ចាស់លុយ ក៏បានដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ទើបនគរបាលបានចាប់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នាំមកក្រសួងមហាផ្ទៃ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូន មកអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី។
ក្រោយមានរឿងប្តី-ប្រពន្ធ ត្រូវបាននគរបាលចាប់ខ្លួន ក៏មានព្រះសង្ឃមួយអង្គ បានចេញ និងមានសង្ឃដីកាថា ព្រះសង្ឃក៏បានឲ្យប្រាក់ចំនួន២ពាន់ដុល្លារ ទៅប្ដីប្រពន្ធ២នាក់នេះ ខ្ចីផងដែរ។ សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានតំណាងអយ្យការ បាននិងកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្តទៀត៕