(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញដល់ក្រុមបញ្ញាវន្តខ្មែរទាំងអស់ ឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យបន្ថែមទៀត។
ការជំរុញរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយលើសេចក្តីព្រាងស្តីពី «គោលនយោបាយជាតិស្តីពីភាសាខ្មែរ» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ) នៃរាជបណ្ឌិត្យសភាកម្ពុជា នៅសណ្ឋាគារភ្នំពេញ។
លោកបណ្ឌិិត សុខ ទូច បានថ្លែងថា បញ្ញវន្តទាំងអស់និយាយហើយត្រូវតែនាំគ្នាធ្វើ មិនមែនគ្រាន់តែនិយាយរួចតែពីមាត់ រួចអង្គុយចាំមើលគ្នានោះទេ សូមកុំនាំគ្នាក្តិចត្រួយគ្នា ឈ្នានីសគ្នាត្រូវនាំគ្នាធ្វើទាំងអស់គ្នា ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រទេសជាតិរបស់យើងទាំងអស់គ្នា។ សូមក្រុមបញ្ញវន្តទាំងអស់កុំធ្វើអ្វីរង់ចាំតែនាយករដ្ឋមន្ត្រីតែម្នាក់ឯងឱ្យសោះ។
ទន្ទឹមនឹងនេះដែរលោក សុខ ទូច បានបន្ថែមទៀតថា អ្នកវិទ្យាសាស្ត្រគួរតែរៀបចំធ្វើអ្វីដើម្បីផលប្រយោជន៍សង្គម និងប្រទេសជាតិ។ ដូច្នេះដើម្បីធ្វើឱ្យការផ្សព្វផ្សាយអក្សរសាស្ត្រខ្មែរកាន់តែសម្បូរ គឺស្ថិតនៅលើកណ្តាប់ដៃរបស់ក្រុមបញ្ញវន្តទាំងអស់បើបញ្ញវន្តម្នាក់ៗមិនសរសេរសៀវភៅជាភាសាខ្មែរ តាមជំនាញរបស់ខ្លួនទេនោះច្បាស់ណាស់អ្នកសិក្សាមួយចំនួនប្រាកដ ជាមិនយល់នោះទេ។ ប្រសិនបើមានការសរសេរជាភាសាខ្មែរឱ្យកាន់តែទូលំទូលាយនោះ នឹងធ្វើឱ្យភាសាខ្មែរឈានទៅរកការអភិវឌ្ឍ តែមិនមែនអភិវឌ្ឍតែលើក្រដាស ឬបបូរមាត់របស់អ្នកស្រាវជ្រាវតែពីរឬបីនាក់នោះទេ គឺត្រូវតែចូលរួមអភិវឌ្ឍទាំងអស់គ្នា។
លោក សុខ ទូច បានបញ្ជាក់ថា បញ្ញវន្តត្រូវដើរតួនាទីសំខាន់ខ្លាំងណាស់ ក៏ដូចជារឿងនិទានធំៗ ត្រូវតែសរសេរជាភាសាខ្មែរ ដើម្បីឱ្យក្មេងៗអាន សម្រាប់បណ្តាប្រទេសនានាគេមានការរៀបចំរួចហើយសម្រាប់បញ្ហានេះ ដូច្នេះក្រុមបញ្ញវន្តទាំងអស់ត្រូវនាំគ្នាជួយគិត ដើម្បិីបណ្តុះបណ្តាលកុមារឱ្យមានមូលដ្ឋានគ្រឹះពីក្រោមឡើងមកលើដើម្បីបង្ហាញពីមោទនភាពជាតិខ្មែរ៕