(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានកាំកុងត្រូល ប្រមូលបានចំណូលចំនួន១២៧,១២១,៦០១,៩៦៩រៀល ស្មើរនឹង៣១,៦៨០,៦១០.០៣ដុល្លារ មានការកើនឡើង១៤,៩២១,២០៩,៧០៧រៀល ស្មើរនឹង១៣.៣០ភាគរយ។
បរិមាណនេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៧ មានតែ១២,២០០,៣៩២,២៦២រៀល ស្មើរនឹង២៧,៩៦២,០២០.៧៦ដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ផែនការឆ្នាំ២០១៨៖៩៦,០០០,០០០,០០០រៀល ប្រៀបធៀប (លើសផែនការ) ៣១,១២១,៦០១,៩៦៩រៀល=៣២.៤២%។
ការប្រមូលបានថវិកាកើនឡើងជាងបណ្តាលឆ្នាំមុនៗនេះ របស់មន្ត្រីកាំកុងត្រូល គឺគេសង្កេតឃើញថា មន្ត្រីជំនាញនៅទូទាំងរាជាធានី-ខេត្ត បានខិតខំប្រឹងបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធនឹងការនាំចេញ នាំចូលនូវទំនិញ ម្ហូបអាហារនានានៅតាមមបណ្តាលច្រកព្រំដែន នៅតាមបណ្តាប្រទេសជិតខាងទាំងច្រកអន្តរជាតិ និងច្រករបៀង ដើម្បីធ្វើយ៉ាងចូលរួមលើកស្ទួយ គុណភាពចំណីអាហារ ព្រមទាំងប្រមូលថវិកាចូលរដ្ឋផងដែរ៕