(បន្ទាយមានជ័យ)៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។ តាមការសម្រេចលោកវរសេនីយ៍ទោ ខឹម ចិត្រា ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ។
ពិធីដែរធ្វើឡើងក្រោមវត្តមាន នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនគរបាលអន្តោប្រវេសន៍ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ជឺ សុខ ប្រធានសាលាដំបូងតុលាការខេត្ត, លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីនគរបាល មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងនគរបាលការពារព្រំដែនជាច្រើននាក់ផងដែរ។
ក្រោយប្រកាសចូលកាន់តំណែង លោកវរសេនីយ៍ទោ ខឹម ចិត្រា បានប្តេជ្ញាចិត្ត នឹងខិតខំបម្រើការងារជូនអង្គភាពឲ្យបានល្អប្រសើរ ដោយបន្តសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែន គ្រប់ប្រភេទក្នុងតំបន់គ្រប់គ្រង ពិសេសរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នាយឧត្ដមសេនីយ៍ ឃុន សំបូរ បានថ្លែងក្រើនរំឭក ដល់នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលចូលកាន់តំណែងថ្មី ត្រូវខិតខំពង្រឹងការងារក្នុងអង្គភាពឲ្យបានល្អ ត្រូវចេះរឹតចំណងសាមគ្គីភាពឲ្យបានទូលំទូលាយ ពិសេសត្រូវចេះសហការជាមួយបណ្តាស្ថាប័ន និងអង្គភាពជំនាញនានា ដើម្បីអនុវត្តន៍ការងារទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ។ ជាងនេះទៀត ភារកិច្ចរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺការទទួលខុសត្រូវគ្រប់បែបយ៉ាង ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ នៃខ្សែបន្ទាត់ព្រំដែនផងដែរ៕