(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសំណូមពរឲ្យអាចារ្យទាំងអស់ ត្រូវខិតខំលើកកម្ពស់ប្រពៃណី និងទំនៀមទម្លាប់ខ្មែរឱ្យបានគត់មត់។
លោកសូមឱ្យអាចារ្យទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវគម្ពីរក្បួនច្បាប់ ឱ្យបានជ្រៅជ្រះថែមទៀត ដើម្បីឱ្យការអនុវត្តមានភាពត្រឹមត្រូវ ទៅតាមក្បួនច្បាប់បុរាណខ្មែរ ទើបអាចថែរក្សាបានគង់វង្ស និងរីកចម្រើននូវអត្តសញ្ញាណរបស់ជាតិយើង។ ការសំណូមពររបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមសំណូមពរអាចារ្យ ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១នេះ ត្រូវខិតខំត្រងត្រាប់ ស្តាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ និងបន្តលើកកម្ពស់ការពង្រឹងការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងឱ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមឱ្យអាចារ្យទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ នូវគម្ពីរក្បួនច្បាប់ឱ្យបានជ្រៅជ្រះថែមទៀត ដើម្បីឱ្យការអនុវត្តមានភាពត្រឹមត្រូវ ទៅតាមក្បួនច្បាប់បុរាណរបស់យើង ទើបយើងអាចថែរក្សាឱ្យបានគង់វង្ស និងរីកចម្រើននូវអត្តសញ្ញាណរបស់ជាតិយើង»។
លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជានាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗ បន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិ សំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា។
ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈ។
លោកបន្តថា សមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលបង្ហាញថាតែងតែបានយកចិត្តទុកដាក់អនុវត្តន៍គ្រប់មធ្យោយបាយ ដើម្បីធានាដល់ការអភិវឌ្ឍ និងអភិរក្សនូវកេរមត៌កវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិ។ កិច្ចការដែលបាននឹងកំពុងធ្វើនេះ គឺរក្សាបាននូវការអភិរក្ស និងអភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងសាមគ្គីភាពដ៏យូរលង់របស់ដូនតាខ្មែរ។
សម្បត្តិធនធាន និងកេរមរតកទាំងអស់នេះ គឺជាមូលធនសង្គមដ៏ចាំបាច់ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការកសាងសង្គមកម្ពុជាមួយ ដែលមានកោសិកាផ្សារភ្ជាប់គ្នាដ៏រឹងមាំ មានប្រជាជនដែលមានចំណេះដឹងជ្រៅជ្រះច្បាស់លាស់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្លួន រស់នៅក្នុងជីវភាពថ្លៃថ្នូរ ប្រកបដោយសុខសន្តិភាព មានភាពសុខុដុមរមនា និងមានការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាព។
លោកយល់ថា សមិទ្ធផលទាំងឡាយដែលនឹងកើតចេញពីវគ្គបណ្តុះបណ្តាលនេះ គឺមិនត្រឹមតែជាមោទនភាព និងជាប្រយោជន៍សម្រាប់តែសិក្ខាកាមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពរបស់សង្គមជាតិទាំងមូលដែរ ដោយនឹងទទួលបាននូវធនធានអាចារ្យបន្ថែមទៀត ដែលមានចំណេះដឹងត្រឹមត្រូវតាមក្បួនច្បាប់ ពីបុរាណសម្រាប់ចូលរួមចំណែក និងជួយជំរុញដំណើរការអភិវឌ្ឍសង្គម ដោយរក្សាបាននូវវប្បធម៌ដ៏ផូរផង់ និងអត្តសញ្ញាណជាតិផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានសង្ឃឹមថា សិក្ខាកាមនឹងប្រព្រឹត្តនូវអំពើទាំងឡាយ ដែលជាប្រយោជន៍ដល់សង្គម ដែលក្នុងនោះរួមទាំងការអប់រំ ឬការប្រៀនប្រដៅកូនចៅដើម្បីពត់ចិត្ត គំនិត មនោសញ្ចេតនា ឱ្យស្គាល់យល់ដឹងពីតម្លៃនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាកេរមរតកពីដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនាផងដែរ។
លោកបានរំលឹកថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យ ដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស។ ទើបតែនៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជាជន និងប្រទេសជាតិ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ ក៏ត្រូវបានសង្គ្រោះ ឱ្យរស់រានមានជីវិតឡើងវិញផងដែរ ហើយរដ្ឋាភិបាលបានខិតខំស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេ ដោយដៃម្ខាងទៀតប្រឹងការពារ និងទប់ស្កាត់មិនឱ្យរបបវាលពិឃាតនេះ វិលមកវិញជាថ្មីម្តងទៀត ហើយដៃម្ខាងទៀតប្រឹងប្រែងរៀបចំកសាង និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។