(ភ្នំពេញ)៖ រយៈពេលពេញមួយឆ្នាំ២០១៨ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចុះត្រូតពិនិត្យទំនិញបានជិត២ពាន់ផ្សារ នៅទូទាំងប្រទេសកម្ពុជា ដោយរកឃើញ និងកម្ទេចចោល ទំនិញដែលខូចគុណភាពបានជិត៥២តោន។ នេះបើតាមរបាយការណ៍លទ្ធផលរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សម្រេចបានក្នុងឆ្នាំ២០១៨ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ការត្រួតពិនិត្យទំនិញនៅលើទីផ្សារ ពេញមួយឆ្នាំ២០១៨ ទទួលបានលទ្ធផល រួមមាន៖
*ទី១៖ ដាក់មន្រ្តីប្រចាំការ នៅតាមទីផ្សារគោលដៅសំខាន់ៗ ក្នុងរាជធានី-ខេត្ត
*ទី២៖ ត្រួតពិនិត្យលើទីផ្សារ ១,៧៧៦ ផ្សារ ដោយបាន៖ ពិនិត្យភាពសមស្រប នៅលើសម្បកវេចខ្ចប់, ពិនិត្យរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម (Test Kit, Mobile Lab) និងយកគំរូមកវិភាគ នៅមន្ទីរពិសោធន៍ខ្នាតតូច (មាននៅសាខា-ប៉ុស្ត៍មួយចំនួន) និងមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន
*ទី៣៖ បានរកឃើញ និងកម្ទេចចោល៖ ផលិតផលម្ហូបអាហារចំនួន៥១តោន និង៨៧៩គីឡូក្រាម, សាច់ត្រី សម្រាប់ផលិតប្រហុក មានសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន១តោន និង១២០គីឡូក្រាម និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ
*ទី៤៖ ចុះស្រាវជ្រាវករណីពុលអាហារ និងហេតុការណ៍ ដួលសន្លប់របស់សិស្ស ដែលបានកើតឡើង នៅបណ្តាខេត្តចំនួន៩លើក
*ទី៥៖ ការងារមន្ទីរពិសោធន៍៖ បំពាក់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារបន្ថែម១គ្រឿង សរុបមាន៣គ្រឿង (ផ្នែកម្ហូបអាហារ២គ្រឿង, ប្រេងឥន្ធនៈ១គ្រឿង), សាងសង់មន្ទីរពិសោធន៍ខ្នាតតូច (Mini Lab) បន្ថែម៧កន្លែង (សរុប១០កន្លែង) និងបំពាក់ឧបករណ៍វិភាគបន្ថែម១កន្លែង
*ទី៦៖ វិភាគគំរូផលិតផល ដែលបានបញ្ជូនពីបណ្តាសាខានានា ទូទាំងប្រទេស ចំនួន៥,៩០៤គំរូ រួមមាន៖
* ម្ហូបអាហារ ចំនួន៣,៥៧៥ គំរូ
* កសិផល ចំនួន១,២០៣ គំរូ
* ប្រេងឥន្ធនៈ ចំនួន១,១២៦ គំរូ
* រកឃើញគំរូចំនួន ១៧៦ (៣.១០%) មិនអនុលោមតាមបញ្ញត្តិបច្ចេកទេស
*ទី៧៖ ការអប់រំផ្សព្វផ្សាយ៖ បានផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សា ចំនួន ៤៣ លើក មានអ្នកចូលរួម ១៣,៤៧១នាក់៕