(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា ក្រោយក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកលក់ទំនិញតាម Online របស់មហាអំណាចអាមេរិក ករណីយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online។ ទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើឲ្យកក្រើកការរិះគន់ពេញបណ្តាញសង្គម Facebook ពីសំណាក់មហាគ្រួសារខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមករានេះ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញពីការរចនា រូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិភពលោក មកបង្ហាញលើ Online Shopping មួយនេះ។
សូមជំរាបថា នៅពេលថ្មីៗនេះរូបប្រាសាទអង្គរវត្ត និងរូបប្រាសាទល្បីៗមួយចំនួនរបស់កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានក្រុមហ៊ុន Online ដ៏ល្បីរបស់អាមេរិក រចនាយកទៅដាក់លើគ្របបង្គន់ និងកម្រាលជើង ដាក់តាំងលក់នៅលើអនឡាញ តាមក្រុមហ៊ុន Amazon ដ៏ល្បីនេះ។
បញ្ហានេះប្រជាពលរដ្ឋកម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើ និងសកម្មភាពរបស់ក្រុមហ៊ុនអាមេរិចមួយនេះ និងបានប្រតិកម្មយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ បានថ្កោលទោសថា ក្រុមហ៊ុនអាមេរិក Amazon បានបានប្រមាថជាតិសាសន៍ខ្មែរ ក៏ដូចជាបុព្វបុរសខ្មែរយ៉ាងខ្លាំង ដែលមិនអាច ទទួលយកបានឡើយ។
យោងតាមក្រុមហ៊ុន Amazon ដ៏ល្បីរបស់អាមេរិក បានបង្ហោះនៅក្នុងទីផ្សាររបស់ខ្លួន ដោយយករូបប្រសាទអង្គរវត្ត ព្រះបាទជ័យវរ្ម័នទី៧ ព្រហ្មមុខបួន និងប្រសាទនានារបស់ខ្មែរ យកមកធ្វើជាគម្របបង្គន់ និងជាកម្រាលជើង ដាក់លក់ក្នុងតម្លៃត្រឹមតែ១៩.៩៩ដុល្លារអាមេរិក ដែលវាកាន់តែបង្ហាញថា ក្រុមហ៊ុននេះកាន់តែផ្គើន ដល់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ។ គេមិនដឹងថា តើក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិកមួយនេះ មានចេតនាអ្វីឲ្យច្បាស់នោះទេ៕