(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក ដោយសារតែបូមស្រះរីងហើយក៏យកខ្សែភ្លើងមករាយដើម្បីឆក់ត្រី ប៉ុន្តែអកុសលត្រូវឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ទើបតែសម្រាលបានជិត១០ទៅវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នៅផ្ទះម្តាយក្មេកស្ថិតក្នុងភូមិ ត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមក្រុមគ្រួសារសព បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺជនរងគ្រោះជាបងប្អូនសាច់ញាតិ បាននាំគ្នាបូមទឹកស្រះដើម្បីចាប់ត្រីយកមកធ្វើម្ហូប ដែលជាថ្ងៃចូលរោងការបងថ្លៃស្រី។ ក្រោយពីបូមទឹកពីស្រះរីងអស់ហើយនោះ ក៏នាំចាប់ត្រីអស់ហើយគេនាំគ្នាឡើងលើគោកអស់ នៅសល់តែជនរងគ្រោះរាយខ្សែភ្លើង ដើម្បីឆក់ត្រីបន្តដោយមានអ្នកឈរមើល និងឈរចាំទទួលត្រីដោយមិនដឹងថា ជនរងគ្រោះឆក់នោះទេ។
ប្រភពបានបន្ថែមទៀតថា លុះជនរងគ្រោះឆក់ដួលភួកល្បាប់ទើបដឹងថា ត្រូវខ្សែភ្លើងឆក់ប៉ុន្តែហួសពេលទៅហើយ ដោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ អ៊ុក ភិរម្យ អាយុ២៨ឆ្នាំ មានទីលំនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានប្រពន្ធទើបសម្រាលកូនរួចបានជិត១០ថ្ងៃប៉ុណ្ណោះ។
ក្រោយពីទទួលដំណឹងថា មានមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីកោសលវិច័្ជយលើសាកសព។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕