(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី។
លោក ប៊ុន សត្យា បានបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការខាងលើនេះ ធ្វើឡើងក្រោយកម្លាំងជំនាញរបស់ការិយាល័យ បានតាមស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនពួកគេបាន នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច មានលុយរាប់ម៉ឺនដុល្លារ ពីជនរងគ្រោះម្នាក់ ប្រិព្រឹត្តនៅចំណុចមុខស្តូបកម្ពុជាវៀតណាម តាមបណ្ដោយផ្លូវសុធារស ក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ថែមថា នៅក្នុងប្រតិបត្តិការតាមបង្ក្រាបនេះដែរ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងការិយាល័យជំនាញ បានចាប់យកវត្ថុតាងមានម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ស ពាក់ស្លាកលេខ1HJ-5694 មួយគ្រឿង ពីជនសង្ស័យឈ្មោះ ហុង ម៉េងហ៊ត់ អាយុ២៧ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ជាមួយទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូន 6s ពណ៌ទឹកប្រាក់ ១គ្រឿង និង១គ្រឿងទៀតម៉ាក LG ពណ៌ទឹកមាស, ចិញ្ចៀនលោហធាតុ ពណ៌លឿងស្លេក ចំនួន០២វង់, ខ្សែក ចំនួន០១ខ្សែ, បណ្តោងរូបឆ្កែ ចំនួន០១ ដែលចាប់យបបានពីបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ធឿន ជា អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
លោកនាយការិយាល័យរូបនេះ បានឲ្យដឹងថា ក្រៅពីចាប់យកវត្ថុតាងទាំងនោះ កម្លាំងការិយាល័យជំនាញ បានរកឃើញភ័ស្តុតាងជារបស់ជនរងគ្រោះឈ្មោះ ទូ សុទ្ធា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ៨ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រួមមាន នាឡិកាដៃម៉ាក CARTIER, ខ្សែស្បែក ពណ៌សូកូឡាដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់, ខ្សែក លោហធាតុ ពណ៌លឿងស្លេក មានបន្តោងរូបព្រះចំនួន០១ ដែលមានដាំត្បូងពណ៌សចំនួន ២៥គ្រាប់ និងប្រាក់ដុល្លារ ចំនួន២៥០០ដុល្លារអាមេរិក។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សម្ភារដែលបានបាត់បង់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបយកទៅបាត់នោះ រួមមាន៖ លិខិតឆ្លងដែនវៀតណាមឈ្មោះ PHAN THI THANH HOAN ចំនួន០១, អត្តសញ្ញាណបណ្ណ័សញ្ជាតិវៀតណាមចំនួន ០១, ខ្សែកមាសទម្ងន់៣តម្លឹងកន្លះ ចំនួន០១ខ្សែ, នាឡិកាដៃស្រីចំនួន០១, ប្រាក់វៀតណាម ៤លានដុង, ប្រាក់ដុល្លារ ចំនួន៤៦,០០០ដុល្លារអាមេរិក (បួនម៉ឺនប្រាំមួយពាន់ដុល្លារ) និងទូរសព្ទ័ដៃម៉ាក IPhoneX ១គ្រឿងផងដែរ៕