(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយផ្ទាល់ពីលោក អ៊ុង សឿន អធិការរងខណ្ឌ ដែលស្ថិតក្រោមការបញ្ជាពីលោក សៀម សុត្ថាវុធ អធិការខណ្ឌ បានតាមបង្ក្រាបជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀន១១កញ្ចប់ និងម៉ូតូ២គ្រឿង។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអធិការរងទទួលផែនគ្រឿងញៀនខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបានក្នុងករណីរក្សាទុកថ្នាំញៀននេះទី១៖ឈ្មោះ ស៉ើម សី អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិលិច ឃុំក្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, ទី២៖ឈ្មោះ ទូច វណ្ណថា អាយុ២២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិព្រៃដំរី ឃុំព្រៃដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៣៖ឈ្មោះ ម៉ាក ចាន់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៤៖ឈ្មោះ ជ្រុន ជ្រីន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកអធិការរង បន្ថែមថា ក្រោយពីបង្ក្រាបជនសង្ស័យទាំង៤នាក់ និងវត្ថុតាងរកឃើញពាក់ព័ន្ធ សកម្មភាពរក្សាទុកថ្នាំញៀន ត្រូវបានខ្លួនមកសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី៕